អ្នកឧកញ៉ា គិត ម៉េង ដឹកនាំ ឧកញ៉ា សហគ្រិនច្រើនរូបទស្សនកិច្ចកំពង់ផែស្វយ័តភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា លោក ហ៊ឺ បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញ បាននិងកំពុងធ្វើការអភិវឌ្ឍចំណតផែរណបតាមដងទន្លេបន្ថែមទៀត ដើម្បីបង្ខិតសេវាកម្មកំពង់ផែឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ និងជំរុញការដឹកជញ្ជូនផ្លូវទឹក។

ក្នុងឱកាសទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងការរីកចម្រើនរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនផ្លូវទឹក ហើយ អ្នកឧកញ៉ាក៏បានលើកទឹកចិត្តដល់គណៈប្រតិភូទាំងអស់ធ្វើការស្វែងយល់ឱ្យច្បាស់ ដើម្បីប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូនឱ្យប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយចំណាយផ្សេងៗ។

សូមជម្រាបថា បច្ចុប្បន្នកំពង់ផែស្វយ័តភ្នំពេញ អភិវឌ្ឍចំណតដែរណបតាមដងទន្លេបន្ថែមទៀត ក្នុងនោះ៖ ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ចំណតផែរណបពហុបំណង UM១ ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល, ចំណតផែរណបពហុបំណង UM២ ស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM២៦ ស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។

ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចលើកនេះ ក៏បានស្តាប់បទបង្ហាញអំពីការអភិវឌ្ឍ និងសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការរបស់កំពង់ផែ, ទស្សនកិច្ចសកម្មភាពប្រតិបត្តិការនៃចំណតផែកុងតឺន័រ LM១៧, ទស្សនាផ្លូវទឹកពីចំណតផែកុងតឺន័រ LM១៧-ទន្លេចតុមុខ-ចំណតផែរណបពហុបំណង TS៣៕