មហាសេដ្ឋីចិន Hui Ka-yan ឬត្រូវគេស្គាល់ថា Xu Jiayin ដែលជាស្ថាបនិកក្រុមហ៊ុន Evergrande ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក បានប្រកាសលក់ផ្ទះនៅទីក្រុងឡុងដ៍។ នេះបើតាមការចុះផ្សាយពី The Financial Times។
ដោយឡែក SCMP បានបន្ថែមថា ផ្ទះដែលមហាសេដ្ឋីចិនបានប្រកាសលក់ គឺជាអចលនទ្រព្យមានតម្លៃថ្លៃបំផុតនៅរដ្ឋធានីនៃចក្រភពអង់គ្លេស ពោលគឺមានតម្លៃរហូតដល់ ២២៧ លានដុល្លារអាមេរិក។
មូលហេតុដែលធ្វើឲ្យ ម្ចាស់ភាគហ៊ុនធំបំផុតនៃ Evergrande ប្រកាសលក់អចលនទ្រព្យដ៏មហាសាលមួយនេះ ក៏ដូចជាលក់ភាគហ៊ុន ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំណែកធំ គឺដើម្បីត្រូវដោះបំណុលខ្លះៗនៃក្រុមហ៊ុន បន្ទាប់ពីរដ្ឋាភិបាលចិនបដិសេធមិនព្រមចេញមុខជួយក្រុមហ៊ុននេះ។
សូមជម្រាបដែរថា ទ្រព្យសម្បត្តិរបស់លោក Hui គឺបានធ្លាក់រហូត ៨៣% តាំងពីខែកក្កដា ២០២០ ហើយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកនៅសល់ប្រមាណ ៦ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយ Bloomberg Billionaires’ Index៕