មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្រមានកាលពីថ្ងៃអង្គារមិ្សលមិញនេះថា សេដ្ឋកិច្ចពិភពលោក អាចនឹងបន្តធ្លាក់ចុះខ្លាំង នៅឆ្នាំក្រោយ ដោយសារតែបញ្ហាច្របូកច្របល់ជាច្រើន ដែលបង្កឡើងដោយការហក់ឡើងខ្ពស់នៃអតិផរណា វិបត្តិស្បៀងអាហារ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិថាមពលជាដើម ។
មិនតែប៉ុណ្ណោះ IMF ក៏បានធ្វើការបន្ទាបការព្យាកររបស់ខ្លួនបន្ថែមទៀត ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំនេះ ក្នុងចំនួន ៣,២% ហើយនឹងអាចបន្តធ្លាក់ចុះ ២,៧% នៅឆ្នាំ ២០២៣ ខាងមុខ ។
ទស្សនវិស័យ សម្រាប់សេដ្ឋកិច្ចពិភពលោក ដូចដែលបានគូសបញ្ជាក់ដោយ IMF នេះ គឺជាកម្រិតខ្សោយបំផុតទី ៣ ចាប់តាំងពីឆ្នាំ ២០០១ មក បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ នៅក្នុងឆ្នាំ ២០០៨ និងដំណាក់កាលដ៏អាក្រក់បំផុត អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ។
លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងបីរបស់ពិភពលោក ដូចជាសហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរូ នឹងនៅតែបន្តជាប់គាំង។ វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ពិភពលោក នឹងមិនទាន់មកដល់ទេ តែវាអាចនឹងកើតមាននៅឆ្នាំ ២០២៣ ខាងមុខ” ។
សេដ្ឋកិច្ចប្រទេសអឺរ៉ុបសំខាន់ៗមួយ រំពឹងថាអាចនឹងធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច នៅឆ្នាំក្រោយ រួមទាំងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី ដោយសារតម្លៃថាមពលបានកើនឡើង។ ស្របពេល IMF បាននិយាយថា ការព្យាករសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ត្រូវបានបន្ទាបផងដែរ ដោយសារតែប្រទេសនេះកំពុងប្រឈមមុខនឹងការបិទខ្ទប់ដោយសារកូវីដ-១៩ និងការចុះខ្សោយនៃវិស័យអចលនទ្រព្យ ។
ជុំវិញបញ្ហានេះ ក្នុងអំឡុងបើកកិច្ចប្រជុំជាមួយធនាគាពិភពលោកដោយផ្ទាល់ កាលពីថ្ងៃចន្ទIMF បានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសនានា ប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទប់ទល់នឹងអតិផរណា បន្ទាប់ពីទទួលរងសម្ពាធដោយសារតែការរឹងបន្តឹងរូបិយវត្ថុ និងការកើនឡើងខ្ពស់នៃប្រាក់ដុល្លារ ។
គួរឱ្យដឹងថា មន្ត្រីហិរញ្ញវត្ថុ មកពីបណ្តាប្រទេសសមាជិកចំនួន ១៩០ របស់ IMF បានជួបប្រជុំគ្នា នៅសប្តាហ៍នេះ ដើម្បីបង្ហាញពីបញ្ហារបស់ខ្លួន កំពុងប្រឈមមុខ ដោយសារភាពមិនប្រាកដប្រជា ចំពោះស្ថានភាពសេដ្ឋកិច្ចផ្សេងៗគ្នា រួមទាំងវិបត្តិស្បៀងអាហារ និងថាមពល ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាប្រឈមជាសកលផ្សេងទៀត រូមទាំងតម្រូវការហិរញ្ញប្បទានសម្រាប់ថាមពលស្អាតផងដែរ ៕