អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជាមានចំនួន ២ ២២៧,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២២,៣ លានដុល្លារអាមេរិក ស្មើនឹង ៥,៨% ក្នុងរយៈពេល ៩ខែឆ្នាំ២០២២នេះ។
របាយការណ៍ពីអគ្គនាយកដ្ឋានគយបង្ហាញ ការនាំចេញស្រូវមានតម្លៃ ៥០៣,៦ លានដុល្លារអាមេរិក ថយចុះប្រមាណ ៩១,២ លានដុល្លារអាមេរិក ស្មើនឹង ១៥,៣%។ ចំណែក ការនាំចេញអង្ករមានតម្លៃ ២៩១,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥,១ លានដុល្លារអាមេរិក ស្មើ ១,៨%។
ដោយឡែកកៅស៊ូនាំចេញវិញ គឺមានតម្លៃ ២៧២,៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧ លានដុល្លារអាមេរិក ស្មើ២,៦% និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩,៧ លានដុល្លារអាមេរិក កើនឡើង ២០១,៥ លានដុល្លារអាមេរិក ស្មើ២១%។
សូមជម្រាបថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ អគរ ប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%៕