ក្រុមហ៊ុនតូយ៉ូតា ស្នើកម្ពុជាពិនិត្យលទ្ធភាពបន្ធូរបន្ថយពន្ធនាំចូលរថយន្ត Hybrid

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន តូយ៉ូតា បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid ដើម្បីរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងសាធារណការ និងតំណាង ក្រុមហ៊ុន តូយ៉ូតា កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបនោះ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រាប់លោក ស៊ុន ចាន់ថុល អំពីសំណើរបស់ក្រុមហ៊ុនសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើ​ការ​សហការ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid។

លោកថ្លែងយ៉ាងដូច្នេះថា«ការស្នើនេះ គឺសំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ងាក​មកប្រើប្រាស់រថយន្ត ប្រភេទHybridឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់​បន្ថយ​ការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រម​ទាំង​រួម​ចំណែក​ក្នុង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​គោល​ដៅ​អព្យា​ក្រឹត្យ​កាបូន(Carbon Neutrality)នៅឆ្នាំ២០៥០ ផងដែរ»។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការ​គាំ​ទ្រនៅក្នុងការបន្ធូរបន្ថយពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទHybrid ដែល​ក្រុមហ៊ុន​បាន​ស្នើ​នេះ​ អាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យ៉ាងណា ឯក​ឧត្តម នឹងខិតខំ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់ទូលាយ ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយការបំពុលបរិស្ថាន។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និង​ចែក​ចាយ​ផ្តាច់​មុខ​សម្រាប់​យាន​យន្​តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅកម្ពុជា។ ចាប់​តាំង​ពី​ការ​ឈាន​ជើង​ចូល​មក​ដំណើរ​ការ​ក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់សព្វថ្ងៃ ក្រុមហ៊ុនបានបើកដំណើរការសាខាចំនួន០៥ នៅ​ទូទាំងប្រទេសព្រមទាំងបន្តការកែលម្អឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏​ដូច​ជា​សេវាកម្ម​ដែល​មាន​គុណ​ភាពល្អ ដល់អតិថិជនទាំងអស់ជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្ត​ដែល​ទទួល​បាន​ការ​និយមប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា៕