កាលពីពេលថ្មីនេះ ក្រុមហ៊ុនលក់សម្លៀកបំពាក់ខ្នាតយក្ស Uniqlo បានបង្ហោះពីរបាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំ ជាមួយនឹងតួលេខខ្ពស់បំផុតមិនធ្លាប់មាន បើទោះជាកន្លងមកក្រុមហ៊ុនជប៉ុនមួយនេះធ្លាប់បង្ហាញក្ដីព្រួយបារម្ភ ជុំវិញការលក់នៅទីផ្សារប្រទេសចិនមានការធ្លាក់ចុះជាខ្លាំង។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា របាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំគិតត្រឹមខែសីហា គឺមាន ២៩៧,៣ ពាន់លានយ៉េន ឬប្រហែល ២,០២ ពាន់លានដុល្លារ ខណៈកាលឆ្នាំទៅពួកគេរកបាន ២៤៩ ពាន់លានយ៉េន។
ទិន្នន័យដែលក្រុមហ៊ុនទទួលបានឆ្នាំនេះ ក៏មានលើសការព្យាករណ៍ទុកមុន ពីសំណាក់ Refinitiv ផងដែរ ដោយពួកគេព្យាករថា Uniqlo អាចនឹងទទួលប្រាក់ចំណេញត្រឹម ២៩១ ពាន់លានយ៉េន ប៉ុន្តែវាបានហក់ឡើងដល់ជាង ២៩៧ ពាន់លានយ៉េនឯណោះ។
ដោយឡែក សម្រាប់ទីផ្សារអន្តរជាតិធំបំផុតរបស់ Uniqlo គឺប្រទេសចិន ទទួលបានប្រាក់ចំណេញតិចជាងឆ្នាំទៅ ១៧% ដោយសារការរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ ១៩ នៅក្នុងប្រទេស ប៉ុន្តែក្រុមហ៊ុនរំពឹងថា កំណើននៃការលក់នឹងកើនឡើងវិញនៅត្រីមាសទី ៤ បើសិនជាស្ថានការណ៍កូវីដ ១៩ នៅចិន មានសភាពស្ងប់ស្ងាត់វិញ៕