កូនប្រធានតុលាការកំពូល លោក ឌិត ទីណា ឡើងរដ្ឋមន្ត្រីក្រសួងកសិកម្មជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតែងតាំងមុខដំណែងលោក ឌិត ទីណា ជារដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសំឡេង១១១ លើ១១១។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្របញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។

លោក ទីណា ធ្លាប់ទទួលបានការសិក្សាពីសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែ នៅទីក្រុងប៉ារីសប្រទេសបារាំង បច្ចុប្បន្ន​មានតួនាទីជារដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និងថាមពល ត្រូវបាន​គេ​ស្គាល់ថាជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការ​កំពូល។

លោក ទីណា ជាបងថ្លៃរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ កូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ភរិយាលោកគឺ លោកស្រី ឌិត និតា។មានវ័យ ៤៣ឆ្នាំ ​​​លោ​ក ឌិត ​ទីណា ជាបញ្ញវ័នបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នអនុ​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង ប្រធាន​គណៈ​ពង្រឹង​ឃុំ​កោះ​ខ្សាច់​ទន្លា ​​​​និងជា​បេក្ខ​ជន​តំណាង​​​រាស្ត្រ​​មណ្ឌល​​​​​​កណ្តាល៕