ឧកញ៉ា ប៉ិច បូឡែន គ្រោងបើកសាលាសហគមន៍តាមជាយក្រុង ៥ទៅ១០កន្លែងទៀតនៅឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ​នៅ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ២០២២ ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​​លោក​គ្រោង​នឹង​បើក​សាលា​សហគមន៍​២១ ​​នៅ​តាម​ជាយក្រុង​ចំនួន ៥​ទៅ​១០​កន្លែង​ទៀត​ នៅ​ឆ្នាំ២០២៣ ខណៈ​ដែល​បច្ចុប្បន្ន​​មាន ៣​កន្លែង​រួច​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​ឱ្យ​ដឹង​តាម​រយៈ​បណ្តាញ​សង្គម ​​កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា លោក​បើក​សាលា​រៀន​សហគមន៍២១នេះ នៅតាមជាយក្រុង និងតាមស្រុកនានាក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍ​អ្នកដឹកនាំ​ជំនាន់ក្រោយរបស់ប្រទេសយើង តាមឃុំ-ស្រុកនានា ឱ្យមានចំណេះ ជំនាញច្បាស់លាស់ អត្តចរិតល្អ គំនិតស្នេហាជាតិ និងជាពិសេសមានជំនាញបច្ចេកទេសវិជ្ជាជីវៈ១ច្បាស់លាស់ ដើម្បីចិញ្ចឹមជីវិត កសាង​គ្រួសារ ចូលរួមអភិវឌ្ឍសហគមន៍ខ្លួន និងជាពិសេសរួមចំណែកជម្រុញសេដ្ឋកិច្ចប្រទេសយើង។

ឧកញ៉ា ប៉ិច បូឡែន ​​បាន​បញ្ជាក់​បន្ថែម​ថា៖ “នេះជាកម្មវិធីសិក្សាសម្រាប់សាលារៀនសហគមន៍២១៖ ចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រនិងបច្ចេកវិទ្យា ចំណេះដឹងហិរញ្ញវត្ថុនិងសហគ្រិនភាព ភាពជា​អ្នកដឹកនាំ និង​ជំនាញបច្ចេកទេសវិជ្ជាជីវៈ។ ឆ្នាំនេះសាលារៀនសហគមន៍២១មាន៣កន្លែង គឺ​នៅ​​សង្កាត់​ក្រាំងធ្នង់ ខណ្ឌសែនសុខ, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, និងឃុំគគីរ ស្រុកកៀនស្វាយ។ ឆ្នាំក្រោយ​នឹងបើក ៥ទៅ១០កន្លែង។ មានបងប្អូនមួយចំនួនបានចុះកុងត្រា​សុំយកសាលានេះទៅបើកតាម​ស្រុក​កំណើត​ខ្លួនបណ្តើរៗហើយដែរ”។

សូមជម្រាបជូនថា សាលារៀនសហគមន៍២១ គឺជាបណ្តាញអប់រំថ្មីមួយទៀត​របស់​បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group) ដែល​​​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​ឧកញ៉ា ប៉ិច បូឡែន ​​កាល​ខែ​កក្កដា ឆ្នាំ២០២២នេះ។ សាលារៀនសហគមន៍២១ មានបញ្ចូលជំនាញវិជ្ជាជីវៈ​ជាមួយ​តម្លៃសិក្សាសមរម្យ សម្រាប់ជីវភាពប្រជាជនជាយក្រុង និងបណ្តាខេត្ត ចាប់ពីថ្នាក់មត្តេយ្យ​ដល់កម្រិត​ថ្នាក់​ទី​១២ ដើម្បីរួមចំណែកចំណែក​ជាមួយ​រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍ​ជំនាញ​​ឌីជីថល សហគ្រិនភាព និង​សេដ្ឋកិច្ចសហគមន៍៕