SpaceX ប្រកាសឈប់ផ្គត់ផ្គង់អ៊ីនធឺណិតដល់អ៊ុយក្រែន បើអាមេរិកមិនជួយចេញថ្លៃប្រើប្រាស់

អន្តរជាតិ

តាំងពី​ផ្ទុះ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​កាលពី​ចុងខែកុម្ភៈ​មក អ្វីដែល​រុស្ស៊ី​បាន​ធ្វើ​មុនគេ គឺ​កាត់ផ្ដាច់​ប្រព័ន្ធ​ទំនាក់ទំនង​របស់​អ៊ុយក្រែន ប៉ុន្តែសំណាងល្អ​ មហាសេដ្ឋីមាន​បំផុតលើលោក​ប្រកាសថា នឹង​ជួយ​ផ្ដល់​សេវាអ៊ីនធឺណិត​ដល់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ស្រួល​ដល់​ការ​ទំនាក់ទំនង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា អំណោយសប្បុរសធម៌​របស់​មេធំ SpaceX អាចនឹង​បញ្ចប់​ឆាប់ៗនេះ ដ្បិត​ការចំណាយ​លើ​ការ​បង្ហោះ​ផ្កាយរណប Starlink ជាង ២០ ០០០ គ្រាប់​លើ​លំហអាកាស ដើម្បី​ផ្គត់ផ្គង់​អ៊ីនធឺណិត​ដល់​អ៊ុយក្រែន គឺ​ត្រូវចំណាយ​ចន្លោះពី ៨០ ទៅ​ ១០០ លាន​ដុល្លារ​ បើ​សិន​ពន្យារពេល​ដល់​ដាច់ឆ្នាំ។ នេះ​បើតាម​អ្វីដែល Elon Musk បាន​បង្ហោះ​លើ Twitter។

ដូច្នេះហើយ ក្រុមហ៊ុន SpaceX បាន​ផ្ញើរលិខិត​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក​ សុំឲ្យ​រដ្ឋាភិបាល​ទម្លាក់​លុយរាប់សិបលាន​ដុល្លារក្នុង​មួយខែ ដើម្បី​អាច​ឲ្យ​ប្រជាជន​អ៊ុយក្រែន​នៅ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រើប្រាស់ ព្រោះ​បើសិន​រដ្ឋាភិបាល​មិន​ជួយ​ទេ SpaceX នឹង​ផ្ដាច់​អ៊ីនធឺណិត​នៅ​អ៊ុយក្រែនជាមិនខាន។

ដោយឡែក CNN ក៏​បាន​ទម្លាយ​ទៀតថា យោងតាម​លិខិត​ដែល SpaceX បាន​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​ គឺ​មាន​សេចក្ដី​ថា​ក្រុមហ៊ុន​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​ដល់​អ៊ុយក្រែន និង​សុំ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​ជួយ​លើ​បញ្ហា​មួយ​នេះ។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា ដើម្បី​អាច​ផ្គត់ផ្គង់អ៊ីនធឺណិត​ដល់​អ៊ុយក្រែន​រហូត​ដល់​ដាច់ឆ្នាំ SpaceX ត្រូវការ​ប្រាក់​ប្រហែល ១២០ លាន​ដុល្លារ ហើយ​ជាង ៤០០ លាន​ដុល្លារ​ទៀត សម្រាប់​រយៈពេល ១២ ខែ​បន្ទាប់៕