ប៉ុន្មានម៉ោងក្រោយ រដ្ឋសភា សម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសំឡេងសរុប១១១រូប និងព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់មុខដំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះលោក ឌិត ទីណា តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សូមលំឱនកាយថ្វាយនូវអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះករុណាថ្លៃវិសេស ដែលទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំងលោកជារដ្ឋមន្ដ្រីក្រសួងកសិកម្ម តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងថ្ងៃដដែលនេះ លោក ឌិត ទីណា បានចូលទៅក្នុងព្រះបរមរាជវាំង ដើម្បីទទួលផឹកទឹកសម្បថ និងពោលពាក្យសច្ចាប្រណិធាន ដោយលើកឡើងនូវការប្តេជ្ញាការពារព្រះរាជបល្ល័ង្គ និងរបបរាជានិយមអាស្រ័យរដ្ឋធ្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាព សង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា។
មានវ័យ ៤៣ឆ្នាំ លោក ឌិត ទីណា ជាបញ្ញវ័នបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាមួយរូបផដែរ បច្ចុប្បន្នអនុប្រធានគណៈពង្រឹងស្រុកស្អាង ប្រធានគណៈពង្រឹងឃុំកោះខ្សាច់ទន្លា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្តាល។
មុនតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម លោកជាអតីតរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងអតីតរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ហើយត្រូវជាកូនប្រុសលោក ឌិត មុន្ទី ប្រធានតុលាការកំពូល៕