ត្រឹមខែតុលា ឆ្នាំ២០២២នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ សម្រេចលទ្ធផលបាន ៤០% ហើយបានចំណាយទឹកប្រាក់សរុប ៥២៤លានដុល្លារអាមេរិក ដែលចំនួននេះ មិនរាប់បញ្ចូលថ្លៃដីនោះឡើយ ក្រោយបើកដំណើរការងារសាងសង់អស់រយៈពេល២ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី ៧ មករា ឆ្នាំ២០២០។ នេះបើតាមការឲ្យដឹងពី ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិមួយនេះ។
គម្រោងព្រលានយន្តហោះខ្នាតអន្តរជាតិនេះសាងសង់នៅលើទំហំប្រមាណ ២៦០០ហិកតា គឺជាការបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាប់ឃុំមួយចំនួននៃខេត្តតាកែវ។
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានឱ្យដឹងថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត នៅរាជធានីភ្នំពេញនេះ ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ៕