កាលពីពេលថ្មីៗនេះ បណ្តាប្រទេសលោកខាងលិច បានលើកឡើងអំពីការរិះគន់របស់ពួកគេ ទៅលើប្រទេសចិន ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ពិភពលោក ហើយថែមទាំងបានចាត់ទុកប្រទេសនេះថាជា ឧបសគ្គចម្បង ដែលរារាំងដល់ការដោះស្រាយ តាមរយ:ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ សម្រាប់ប្រទេសក្រីក្រមួយចំនួន ដែលមិនអាចមានលទ្ធភាព ក្នុងការទូទាត់សងបំណុលរបស់ពួកគេ ។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃសុក្រថា អតិផរណាខ្ពស់ រួមទាំងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ សម្ពាធរូបិយប័ណ្ណ និងលំហូរចេញមូលធន កំពុងតែបង្កើនបន្ទុកបន្ថែមទៀត ទៅលើប្រទេសកំពុងអភិវឌ្ឍជាច្រើន ។
លើសពីនេះ លោកស្រី Yellen បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោនថា មនុស្សគ្រប់គ្នាយល់ស្របថា រុស្ស៊ីគួរតែបញ្ឈប់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ហើយវានឹងដោះស្រាយបញ្ហាសំខាន់ៗ ទៅលើសេដ្ឋកិច្ចពិភពលោក ប៉ុន្តែដំណើរការក្នុងការរៀបចំរចនាសម្ព័ន្ធដ៏មានប្រសិទ្ធភាពមួយ ក៏គួរតែត្រូវធ្វើឡើងផងដែរ ហើយប្រទេសចិន មានតួនាទីធំ ក្នុងការចូលរួមដោះស្រាយបញ្ហានេះ ។
លោកស្រី Yellen បានបន្ថែមទៀតថា វាពិតជាឧបសគ្គដ៏ធំ ដើម្បីអាចដោះស្រាយបញ្ហាបំណុលទាំងនោះបាន ដោយសារតែចិន ជាប្រទេសម្ចាស់បំណុលដ៏សំខាន់ ។ ដូច្នេះមានការពិភាក្សាជាច្រើន អំពីអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីនាំយកចិន មកចូលរួមក្នុងកិច្ចប្រជុំ និងជំរុញឱ្យមានដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ។
ជម្រាបផងដែរថា ប្រទេសក្រីក្រជាច្រើនក្នុងពិភពលោក ប្រឈមនឹងការទូទាត់សងបំណុលចំនួន ៣៥ ពាន់លានដុល្លារ ដល់ម្ចាស់បំណុលផ្លូវការ និងឯកជន ក្នុងឆ្នាំ ២០២២ នេះ ហើយក្នុងនោះច្រើនជាង ៤០% នៃបំណុលសរុប គឺគ្រប់គ្រងដោយប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារពិភពលោក ៕