ស្អែកនេះ ប្រកាសផ្ទេរកាន់ដំណែងជាផ្លូវការរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា នឹងត្រូវប្រកាសជាផ្លូវការចូលកាន់ដំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាពលោក អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើតាមតារាកម្មវិធីផ្ទេរដំណែងរដ្ឋមន្ត្រីកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកម្មវិធីផ្ទេរដំណែងនេះ លោក វេង សាខុន ដែលជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថារបាយការណ៍វឌ្ឍនភាពការងារពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។

សូមជម្រាបថា កូនប្រុសលោក ឌិត មុន្ទី ប្រធានតុលាការកំពូល លោក ឌិត ទីណា ត្រូវបានព្រះករុណា​ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ តាមសំណើសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាពលោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម លើសំឡេងសរុប១១១រូប ក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើសុំសភាបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលលើលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជំនួសលោក វេង សាខុន ដែលទើបបញ្ចប់មុខដំណែង៕