សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទុកពេលចំនួន ២ សប្ដាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដោះស្រាយឱ្យបានរួចរាល់នូវបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង ២ ស្ថិតនៅក្នុងតំបន់ ១ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។
ថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃចន្ទទី១៧ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ការមិនអាចកំណត់ព្រំប្រទល់ដែនខេត្តទាំងពីរ ដោយសារមានអ្នកធំមានដីនៅកន្លែងនោះ មិនចង់ឱ្យមានការកាត់ទៅខេត្តប៉ៃលិន ហើយព្យាយាមបង្កការរាំងស្ទះ ដូច្នេះសម្ដេចសូមឲ្យខេត្តទាំងពីរពន្លឿនការងារនេះឲ្យបានឆាប់។
សម្តេចថ្លៃងថា បញ្ហាការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងប៉ៃលិននេះ អាជ្ញាធរខេត្តទាំង ២ បានដោះស្រាយតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត ៣០ ឆ្នាំទៅហើយ ប៉ុន្ដែបែរជាមិនទាន់ដោះស្រាយបានរួចរាល់ទៅវិញ។
យ៉ាងណា ការអូសបន្លាយពេលបែងចែកភូមិសាស្ត្ររវាងខេត្តទាំងពីររហូតមកទល់នឹងពេលនេះ សម្តេចនាយករដ្ឋមន្រ្ដីបានឱ្យដឹងថា អភិបាលខេត្តប៉ុន្មាននាក់ហើយក៏ដោះស្រាយបញ្ហានេះមិនចេញ។ ប៉ុន្ដែបើតាមការស៊ើបរបស់សម្តេចគឺមានអ្នកធំមួយចំនួនទៅចាប់ដីដាំដំណាំស្វាយនៅទីនោះ បានទៅរារាំងនៅរដ្ឋបាលខេត្តបាត់ដំបងកុំឱ្យកាត់ដីតំបន់១នោះ ទៅឱ្យខេត្តប៉ៃលិន៕