ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ចាត់ទុកការងារដោះស្រាយផលប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយនាពេលចំពោះមុខ និងអនុវត្តឱ្យបានល្អប្រសើរដែលដាក់ចេញនូវវិធានការពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីផ្ទេរដំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មមកឱ្យលោក ឌិត ទីណា ជំនួសលោក វេង សាខុន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។
ការស្នើការងារអាទិភាពសម្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីនាពេលនេះ ស្របពេលដែលស្ថិតក្នុងរដូវវស្សានេះនៅតាមបណ្តាខេត្តមួយចំនួនបាននឹងកំពុងរងការខូតខាតដំណាំស្រូវដោយសារតែគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែតុលានេះ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបមានចំនួនប្រមាណ ២០៦ ៧៧៣ ហិចតា, ផ្ទៃដីដំណាំស្រូវដែលបានខូចខាតមានចំនួន ៨៥ ១២៨ ហិចតា និងផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញមានចំនួន ៤៨ ៤៧២ ហិចតា។
បន្ថែមពីនេះ ក្រៅតែពីការងារអាទិភាពចំពោះមុខគិតគូរពីផលប៉ះពាល់ដោយសារទឹកជំនន់នោះលោក អូន ព័ន្ធមុន្នីរ័ត្ន ក៏បានស្នើឱ្យលោក ឌិត ទីណា បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម យកចិត្តទុកដាក់លើការងារអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ លើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ៕