ប្រជាពលរដ្ឋ ជាង​៧០​គ្រួសារ លើក​គ្នា ប្ដឹង​ តារាចំរៀង លោក ព្រាប សុវត្ថិ លើ​ករណី​ជា​ច្រើន ​​​រំខាន​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់​រាល់​ថ្ងៃ​

កម្សាន្ត

ប្រជាពលរដ្ឋមួយភូមិស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​ បាន​កើត​ទុក្ខ​មិនសុខចិត្ត​ទៅ​លើ​កំពូល​តារា​​ចម្រៀង លោក ព្រាប សុវត្ថិ ដែល​បាន​រំលោភ​យក​ចំណី​ផ្លូវ​ចូល​ភូមិ​​ធ្វើ​របង​​ថ្ម​ហ៊ុំព័ទ្ធដីឡូត៍​នៅ​ខាង​និងខាងក្រោយ ហើយ​បាន​អោយ​ក្រុម​ជាង​ឈើ បោះតង់ បិត​ផ្លូវ ដាក់​ម៉ាស៊ីន​ជ្រៀកកាត់ឈើធ្វើគ្រឿងសង្ហារឹម ធ្វើ​អោយ​ប៉ះពាក់ផ្លូវរបស់អ្នកភូមិទាំងមូល ធ្វើ​ដំណើរ​ឆ្លងកាត់មិនបាន។ រីឯផ្ទះរបស់លោកផ្ទះដែលនៅចង្ងាយពីដីឡូត៍ប្រហែល៥០ម៉ែត្រទៀត​សោទ ប្រជាពលរដ្ឋ​បាន​ចោទ​ថា តារា​ចម្រៀង​រូប​នេះ​និងកូនៗនៅផ្ទះ បានរថយន្ត៤ទៅ៥គ្រឿង បង្ក​សំឡេង​រំខាន​រោ​សំឡេង​ខ្លាំងៗ ​មកចតលើផ្លូវ រកតែចន្លោះធ្វើដំណើរ មិនកើត ពោល​គឺចតបិត​ផ្លូវតែម្តង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុការណ៍​ប្រជាពលរដ្ឋ​លើក​គ្នា​ជា​ច្រើន​គ្រួសារ​មក​តវ៉ា ទៅ​លើ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​​នេះ បាន​កើត​​ឡើង កាលពីវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី០៤ មិនា ២០២០ នៅចំណុចភូមិច្រេសក្រុម៣ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមសម្តីរបស់បងស្រីម្នាក់ ដែលរស់នៅទល់មុខផ្ទះរបស់លោកព្រាប សុវត្ថិបានឲដឹងថា គាត់​ពិបាកណាស់ខ្លួនឯង​មានរថយន្តជិះហើយបែរជាគ្មានផ្លូវយករថយន្ត បើករថយន្តចូលផ្ទះព្រោះ​តែ​ក្រុម​គ្រួសារ​លោកព្រាប សុវត្ថិ យករថយន្តមកទុកនៅខាងមុខផ្ទះពេញត្រៀមត្រា ដោយ​គាត់​ក៏​បាន​ទទួច​សុំ​ចំពោះរឿងនេះដែលតែវាគ្មានផល ទើប​គាត់សុខចិត្តចំណាយលុយជារៀង​រាល់ខែដើម្បីជួលផ្ទះគេដាក់រថយន្ត​របស់គាត់ ។



រីឯអ៊ុំស្រីម្នាក់ទៀតវិញបានអោយដឹងថាដើមឈើក្នុងផ្ទះលោកព្រាប សុវត្ថិ នោះបានធ្លាក់ស្លឹក​ចូល​ផ្ទះរបស់​គាត់​ដែលនៅជាប់របងជាមួយយ៉ាងច្រើន ហើយគាត់ក៏បានសំណូមពរ ទៅលោកព្រាប សុវត្ថិ សុំ​កាត់មែកឈើណាដែល ចូលមកផ្ទះគាត់ដើម្បីកាត់បន្ថយស្លឹក។

ប្រជាពលរដ្ឋក្នុងភូមិដដែលបានលើកឡើងថា រថយន្តរបស់ក្រុមគ្រួសារលោកព្រាប សុវត្ថិ មាន​សំលេង​បំពងខ្លាំង​ចេញ​ចូលជាពិសេសនៅពេលយប់ព្រលប់ រំខានដល់ការសំរាន ផ្អើលអស់សូមប្បីតែសត្វ។

ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​តវ៉ា​នោះ​ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ

១​-រក្សាទំហំផ្លូវ ទៅតាមឯកសាររបស់ភូមិបាល ដែលបានកំណត់​

២​-ឈប់ ធ្វើរោងឈើបិតផ្លូវ​

៣​-ឈប់ ចតរថយន្ត​ បិតផ្លូវ​ គ្មានសណ្តាប់ធ្នាប់

៤-កុំអោយមានរថយន្តបំពងលេងស៊ីមាំង លាន់ខ្លាំងៗ។

ពាក់ព័ន្ធករណីនេះ ចាប់តាំងពីប្រជាពលរដ្ឋ សុំការអន្តរាគមន៍ ពីសំណាក់អាជ្ញារធរ អស់រយៈពេលជាង៣ខែមកហើយ ដែលគ្មានអាជ្ញារធរ គ្រប់ជាន់ថ្នាក់ណាមកអើពើ ឡើយ។

ដោយឡែកលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានឲ្យដឹងថា៖ លោកបានឲ្យមន្ត្រីរបស់លោកអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលជាតំណាងមកសាលាខណ្ឌ​ដើម្បី​ដោះស្រាយ​ ហើយនៅរសៀលថ្ងៃខែឆ្នាំដដែលនេះខណៈដែលភាគីលោក ព្រាប សុវត្ថិ មិនមានតំណាងចូលរួមដោះស្រាយតែលោកអភិបាលខណ្ឌសន្យាថានឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមកតវ៉ាឲ្យខាងតែបាន៕