ក្រុមហ៊ុនឡានអគ្គសនី BYD ឡើងកូដខ្លាំង ក្រោយប្រាក់ចំណេញ កើនឡើងដល់ ៣៦៥%

អន្តរជាតិ

ភាគហ៊ុនរបស់ BYD នៅថ្ងៃអង្គារនេះ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិនមួយនេះ បាននិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន សម្រាប់ត្រីមាសទី ៣ ឆ្នាំនេះ ទំនងជាអាចកើនឡើងច្រើនជាង ៤ ដង ដោយសារតែរថយន្តខ្លួនមានភាពពេញនិយម និងលក់ដាច់ខ្លាំង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន BYD បានប៉ាន់ប្រមាណថា ប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាស ដោយរាប់ពីខែកក្កដា ដល់ខែកញ្ញា អាចមានចន្លោះពី ៥,៥ ពាន់លានយ៉ន់ ទៅ ៥,៦ ពាន់លានយ៉ន់ (៧៦៥ លានដុល្លារដល់ ៨២០ លានដុល្លារ) ដែលនេះមានន័យថាបានកើនឡើងពី ៣៣៣% ទៅ ៣៦៥% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

គួរឱ្យដឹងថាតម្លៃភាគហ៊ុនរបស់ BYD នៅទីក្រុងហ៊ុនហុងកុង បានកើនឡើង ៤% នៅព្រឹកថ្ងៃអង្គារនេះ ខណ:តម្លៃភាគហ៊ុននៅទីផ្សារហ៊ុនទីក្រុង Shenzhen វិញ ក៏បានកើនឡើង ៥% ផងដែរ ។

BYD ដែលមានភាគហ៊ុន ១៩% គ្រប់គ្រងដោយក្រុមហ៊ុន Brkshire Hathaway របស់មហាសេដ្ឋី Warren Buffett មួយនេះ បាននិយាយនៅក្នុងឯកសារមួយ កាលពីល្ងាចថ្ងៃចន្ទថា ដោយសារតែក្រុមហ៊ុនរបស់ខ្លួន បានរៀបចំផែនការចំណាយត្រឹមត្រូវ ដូច្នេះហើយវាបានរួមចំណែកដល់ការកើនឡើងនៃប្រាក់ចំណូលនេះ ។

ជាងនេះទៅទៀត ការលើកទឹកចិត្តរបស់រដ្ឋាភិបាលនៅបណ្តាប្រទេសច្រើន ក្នុងការកាត់បន្ថយការប្រើប្រាស់រថយន្តដើរដោយប្រេងឥន្ធន: ក៏បានជួយឱ្យការលក់រថយន្តអគ្គិសនីរបស់ BYD កើនឡើង នៅក្នុងទីផ្សាររថយន្តពិភពលោកផងដែរ ៕