ក្រុមហ៊ុនខ្នាតយក្ស Microsoft Corp បានចាប់ផ្ដើមកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួន ប្រមាណជិត ១ ០០០ នាក់នៅសប្ដាហ៍នេះ ដែលធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបំផុត ដែលសម្រេចចិត្តបញ្ឈប់ និងផ្អាករើសបុគ្គលិក ដោយសារសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយ Axios បានឲ្យដឹងថា ចំនួនបុគ្គលិកដែល Microsoft បានបញ្ឈប់នោះ គឺប៉ះពាល់មិនខ្លាំងឡើយដល់ក្រុមហ៊ុន ដ្បិតវាមានមិនដល់ ១% ផងនៃចំនួនបុគ្គលិកសរុបប្រហែល ២២១ ០០០ នាក់ គិតត្រឹមចុងខែមិថុនា។
គួររំលឹកដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Meta Platforms Inc, Twitter Inc និង Snap Inc កំពុងកាត់បន្ថយ និងផ្អាករើសបុគ្គលិកថ្មីៗជាបណ្ដោះអាសន្ន ដោយសារការងើបឡើងនៃអត្រាអតិផរណា កំណើនសេដ្ឋកិច្ចធ្លាក់ចុះ និងវិបត្តិថាមពលនៅតំបន់អឺរ៉ុប៕