ការផ្គត់ផ្គង់អគ្គិសនីនៅប្រទេសអ៊ុយក្រែន កំពុងមានភាពពិបាកខ្លាំង ដោយសារ ៣០% នៃអគ្គិសនីទូទាំងប្រទេស ត្រូវបានខូចខាតទាំងស្រុងពីការវាយប្រហាររបស់រុស្ស៊ីតាំងពីថ្ងៃទី ១០ តុលាកន្លងទៅ។ នេះបើតាមសម្ដីរបស់ប្រធានាធិបតី Volodymyr Zelensky។
“ការវាយប្រហារបែបភេរវកម្មរបស់រុស្ស៊ីមួយទៀត គឺកំណត់គោលដៅលើការផ្គត់ផ្គង់អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន។ តាំងពីថ្ងៃទី ១០ តុលាមក ស្ថានីយអគ្គិសនី ៣០% ទូទាំងប្រទេសត្រូវបានបំផ្លាញ និងបង្កឲ្យមានការដាច់ភ្លើងទូទាំងប្រទេស”។ នេះគឺជាសម្រង់សម្ដីរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន បានបង្ហោះនៅលើ Twitter។
ដោយឡែក CNN ក៏បានរាយការណ៍ដែរថា យ៉ាងហោចណាស់ទីក្រុង ៣ របស់អ៊ុយក្រែនកំពុងគ្មានអគ្គិសនីប្រើប្រាស់ទាល់តែសោះ ដោយសារការវាយប្រហាររបស់រុស្ស៊ី។
ទន្ទឺមនឹងនោះ អាជ្ញាធរទីក្រុងគៀវក៏បានអំពាវនាវ និងសុំការអនុគ្រោះពីប្រជាពលរដ្ឋ ចំពោះអគ្គិសនី និងទឹកដែលរដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់មានការកំណត់ ដើម្បីទុកពេលឲ្យក្រុមជំនាញជួសជុលបណ្ដាញអគ្គិសនី៕