ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់ឧកញ៉ា សួរ វីរៈ បានដាក់ឱ្យដំណើរការកម្មវិធី VET EXPRESS ដែលជាកម្មវិធីបញ្ញើដោយខ្លួនឯងបែបឌីជីថលជាលើកដំបូងនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ពីអតិថិជនមានការកើនឡើងខ្ពស់ និងដើម្បីឱ្យអតិថិជនកាន់តែងាយស្រួល ហើយចំណេញពេលវេលា។
ឧកញ៉ា សួរ វីរៈ បានថ្លែងឱ្យដឹងថា កម្មវិធីបញ្ញើទំនិញខ្លូនឯង (VET EXPRESS) បានដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អតិថជនដោយមិនចាំបាច់រងចាំនៅបញ្ជរទៀតទេ មានន័យថា នៅពេលដែលអតិថិជនទៅបញ្ជរបញ្ញើអីវ៉ាន់គាត់មានជម្រើស២ គឺទី១ ប្រសិនបើ គាត់បានតម្លើងAPPនេះ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ហើយ គ្រាន់តែគាត់ចុចកន្លែងបញ្ញើអីវ៉ាន់ខ្លួនឯងហើយ គាត់ត្រូវបំពេញលេខទូរស័ព្ទអ្នកផ្ញើ លេខទូរស័ព្ទអ្នកទទួល ធ្វើដូចនេះបុគ្គលិកបំពេញនៅបញ្ជរដែរ បន្ទាប់មក ចុចពាក្យ Save គឺនឹងមាន QR Code មួយ ឬលេខាបាកូដមួយ ដូច្នេះ គាត់អាចប្រាប់លេខកូដបញ្ញើអីវ៉ាន់ ឬ QR Code ក៏បានទៅកាន់បុគ្គលិកក្រុមហ៊ុន វីរៈ ប៊ុនថាំ ដើម្បីស្កេន បន្ទាប់ពីស្កេនរួចហើយរាល់ព័ត៌មានទាំងអស់ នឹងបំពេញដោយស្វ័យប្រវត្តិក្នុងកម្មវិធីនេះ និងអាចព្រីនវិក័យប័ត្របានជាស្រេច អីចឹងគាត់មិនបាច់រង់ចាំទៀតទេ។
អត្ថប្រយោជន៍មួយទៀត ទី២ គឺអតិថិជនអាចបំពេញព័ត៌មានសម្រាប់ផ្ញើអីវ៉ាន់ពីផ្ទះមកឱ្យរួចរាល់ក៏បាន មុននឹងមកទីតាំងបញ្ជរ ដោយគាត់គ្រាន់តែសរសេរលេខកូដបញ្ញើនីមួយៗដែលលោតឡើងនៅអេក្រង់ទូរស័ព្ទ ឧទាហរណ៍លេខ ០០១៥ រួចសរសេរនៅលើបញ្ញើអីវ៉ាន់ហ្នឹងទៅ ពេលទៅដល់កន្លែងផ្ញើគាត់គ្រាន់បង្ហាញលេខកូដនេះ នោះបុគ្គលិកនឹងបំពេញលេខកូដនេះគឺព័ត៌មានទាំងប៉ុន្មានមានស្រាប់ អីចឹងព្រីនបិទលើអីវ៉ាន់រួចជាស្រេច។កម្មវិធីនេះ វាលឿនសម្រាប់អតិថិជនទាំងអស់។ សម្រាប់ភ្ញៀវមិនទាន់មាន កម្មវិធី VET EXPRESS របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ទេ យើងមានបាកូដមួយនៅទីតាំងបញ្ជររបស់ក្រុមហ៊ុន ដូច្នេះ គ្រាន់តែអតិថិជន ស្កេនលើបាកូដនេះ គឺគាត់អាចប្រើប្រាស់កម្មវិធីបញ្ញើអីវ៉ាន់ដោយខ្លួនឯងបានហើយ។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា ទាំងអ្នកផ្ញើ និងអ្នកទទួល គឺអាចប្រើប្រាស់ APP នេះបានដូចគ្នា។ សម្រាប់អ្នកទទួលអីវ៉ាន់ ដែលបានតម្លើង APP នេះរួចហើយនោះ នៅពេលដៃគូគាត់ផ្ញើអីវ៉ាន់មក គាត់អាចមើលឃើញអីវ៉ាន់ដល់ណា បានន័យថា ទំនិញនេះបានដល់ទីតាំងកន្លែងណាហើយ គាត់អាចតាមដានមើលទំនិញរបស់គាត់ទៅដល់ទីតាំងណា ទៅដល់សាខាណា ហើយគាត់អាចដឹងថា នឹងទទួលបានអីវ៉ាន់នៅពេលណា៕