កាលពីថ្ងៃទី ១៨ តុលាកន្លងទៅ រដ្ឋាភិបាលស្រីលង្កាបានអនុម័តសម្រេចឲ្យក្រុមហ៊ុនផលិតប្រេងក្រៅស្រុក មានសិទ្ធនាំចូល និងលក់ប្រេងនៅក្នុងប្រទេស ដើម្បីជួយសម្រួលដល់តម្រូវការប្រេង ក៏ដូចជាបន្ធូរបន្ថយភាពតានតឹងជាមួយវិបត្តិសេដ្ឋកិច្ចដែលប្រទេសដីកោះមួយនេះកំពុងជួបប្រទះ។
ជាការពិត ប្រទេសដែលមានប្រជាជន ២២ លាននាក់កំពុងស្ថិតក្នុងសភាពលំបាកលំបិនខ្លាំង ដោយសារវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត បង្កឲ្យការផ្គត់ផ្គត់ទំនិញមានការខ្វះខាតច្រើន ស្របពេលទុនបម្រុងជាតិវិញកាន់តែខើចទៅៗ។
ក្នុងចំណោមផលវិបាកទាំងអស់ដែលស្រីលង្កាកំពុងមាន កង្វះខាតប្រេងគឺជះឥទ្ធិពលខ្លាំងបំផុត ដោយសារមិនមានលុយគ្រប់គ្រាន់ក្នុងការទិញប្រេងមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដ្បិតក្នុងឆ្នាំនេះ រដ្ឋាភិបាលត្រូវការលុយ ៦០០ លានដុល្លារជារៀងរាល់ខែលើការទិញប្រេង ប៉ុន្តែស្រីលង្កាអាចរ៉ាប់រងបានតែ ៣៥០ លានដុល្លារប៉ុណ្ណោះ។
ដូច្នេះហើយ ច្បាប់ថ្មីនេះនឹងអាចជួយសម្រួលដល់ការផ្គត់ផ្គង់ប្រេងក្នុងប្រទេស ដ្បិតក្រុមហ៊ុនផលិតប្រេងអន្តរជាតិអាចនាំចូល និងលក់ប្រេងរបស់ពួកគេដោយផ្ទាល់នៅក្នុងស្រុក ហើយវាក៏អាចសម្រួលដល់សេដ្ឋកិច្ចស្រីលង្កាមួយកម្រិតផងដែរ។
យោងតាមមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ទៅកាន់ Reuters ថា ក្រោយប្រកាសអនុម័តច្បាប់ថ្មី ពួកគេទទួលបានការស្នើសុំ ២៤ ពីប្រទេសជាច្រើនដូចជា ឥណ្ឌា ចិន អារ៉ាប៊ីសាអូឌីត រុស្ស៊ី ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕