គ្រូបង្រៀនមួយរូប ក្រៅពីមុខរបរធ្វើជាគ្រូបង្រៀន ក៏មានថ្វីគំនិត រិះរក កែច្នៃសាប៊ូកក់សក់ ដែលជាផលិតផលធម្មជាតិ ដើម្បីជួយសម្រួលជីវភាពក្នុងគ្រួសារ ។
អ្នកស្រី ប្រាក់ ចន្ទណារី មានអាជីពជាគ្រូបង្រៀនថ្នាក់ទី ៩ នៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ បានឲ្យឧកញ៉ាញូស៍ដឹងថា អ្នកស្រី ប្រកបការធ្វើសាប៊ូកក់សក់នេះជាលក្ខណៈគ្រួសារ ជាងមួយឆ្នាំមកហើយដោយ ការកែច្នៃនេះធ្វើឡើងពីវត្ថុធាតុផ្សំ ៥ ទៅ ៦ មុខ រួមមាន ក្រូចសើច ប្រទាលកន្ទុយក្រពើ បណ្តូលពេជ្រ ប៊័រ និង ខ្ញី ។ ចំពោះ វិធីធ្វើគឺ យកវត្ថុធាតុដើមទាំង ៥ មុខនេះស្ងោជាមួយគ្នា ឲ្យដាច់ទឹក រួច កិន ឬ ក្រឡុកឲ្យម៉ដ្ឋ ទើបបានជាសាប៊ូកក់សក់ ។
អ្នកស្រី បានបន្តថា ក្នុងមួយខែអ្នកស្រី អាចលក់ចេញបានបន្តិចបន្តួច ព្រោះការផលិតជាលក្ខណៈគ្រួសារនៅឡើយ ពោលក្នុងមួយខែអាចលក់ចេញបាន ១២ ទៅ ១៤ដប ដែលការវេចខ្ចប់មួយដបមានចំណុះប្រមាណ ៥០០ មីលីលីត្រ បើគិតជាទឹកប្រាក់ប្រមាណ ២០០ ដុល្លារ ក្នុងមួយខែ ។
អ្នកស្រី បានបន្ថែមថា ការប្រើប្រាស់នូវផលិតផលធម្មជាតិពិតជាល្អប្រសើរ តួយ៉ាងសាប៊ូកក់សក់អ្នកស្រី មានអត្ថប្រយោជន៍ច្រើនដូចជា ១.អាចជួយបំបាត់បញ្ហារមាស់ក្បាល ក្បាលមានបញ្ហាផ្សិត បញ្ហាជ្រុះសក់ លើសពីនេះ អាចបណ្តុះសក់ថ្មីបន្ថែមទៀត។ ២. ប្រើក្នុងរយៈពេលត្រឹមតែ ៦ ខែ អាចពន្លូត និង បណ្តុះសក់បានរហូតទៅដល់ ២ ទៅ ៣ ថ្នាំងដៃ ។ ៣. មិនមានផលប៉ះពាល់ចំពោះការប្រើប្រាស់ ព្រោះជាផលិតផលធម្មជាតិ ១០០ ភាគរយ ។
បើទោះបីជា បច្ចុប្បន្នអ្នកស្រីផលិតជាលក្ខណៈគ្រួសារនៅឡើយតែទៅអនាគត អ្នកស្រី បានរំពឹងថានឹងបង្កើតឲ្យកាន់តែធំ ក្លាយជាសិប្បកម្មផលិតសាប៊ូធម្មជាតិក្នុងប្រទេសកម្ពុជា ដែលជាការចង់ឲ្យប្រជាជនខ្មែរ ប្រើប្រាស់របស់ធម្មជាតិ ក៏ដូចជាការបន្ថែមនូវចំណូលប្រចាំជីវភាពអ្នកស្រីផងដែរ ។
ជាមួយគ្នានេះ អ្នកស្រី បានធ្វើការសំណូមពរ ដល់បងប្អូនដែលមានបញ្ហាសក់ អាចងាកមកសាកល្បងប្រើប្រាស់ផលិតផលធម្មជាតិ ជាពិសេសស្នាដៃកូនខ្មែរ ក៏ដូចជាការជួយលើកស្ទួយផលិតផលក្នុងស្រុក ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ៕