ប្រធានធិបតីទីម័រឡេស្តេ លោក ចូហ្សេ ម៉ានូអែល រ៉ាមូស (Jose Manuel Ramos-Horta) បានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាហើយ កាលពីព្រឹកថ្ងៃពុធ ទី ១៩ តុលានេះ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយ:ពេល ៣ ថ្ងៃ តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខែ្មរ ។
ជុំវិញការអញ្ជើញមកដល់នេះ ឧកញ៉ាញ៉ូវ សូមលើកយកប្រវត្តិទាក់ទងខ្លះៗអំពីប្រធានាធិបតិទីម័រឡេស្តេ លោក ចូហ្សេ មកបង្ហាញជូនឱ្យដឹង ដូចខាងក្រោម ៖
លោក ចូហ្សេ ម៉ានូអែល រ៉ាមូស បានកើតនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៤៦ នៅឯទីក្រុង Dili ប្រទេសទីម័រខាងកើត ខណ:លោកត្រូវបានគេស្គាល់ថាជាកសម្មជននយោបាយមួយរូប ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ១៩៩៦ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីនាំយកមកនូវសន្តិភាព និងឯករាជ្យដល់ប្រទេសទីម័រខាងកើត ដែលធ្លាប់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសព័រទុយហ្គាល់ និងស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៩៩ ។
គួរឱ្យដឹងថា លោក ចូហ្សេ ធ្លាប់បានបម្រើការជានាយរដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើត ចន្លោះឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ និងឡើងធ្វើជាប្រធានាធិបតី ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ ។
លោក ចូហេ្ស មានឈាមជ័រជាអ្នកនយោបាយមួយរូប ដោយឪពុករបស់លោក គឺជាជនជាតិព័រទុយហ្គាល់ ដែលត្រូវបានគេនិរទេសមកកាន់ប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមក្នុងចលនាបះបោរប្រឆាំង នឹងមេដឹកនាំផ្តាច់ការ លោក Antionio Salazar ។
នៅក្រោយពីបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសហរដ្ឋអាមេរិក លោក ចូហ្សេ បានត្រលប់មកកាន់ប្រទេសទីម័រខាងកើត ដើម្បីចូលរួមក្នុងចលនាទាមទារឯករាជ្យ ហើយសកម្មភាពរបស់គាត់ បាននាំមកនូវភាពខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់មេដឹកនាំព័រទុយហ្គាល់ និងត្រូវបានគេបង្ខំឱ្យភៀសខ្លួន ទៅកាន់ប្រទេសម៉ូសំប៊ិក នៅក្នុងឆ្នាំ ១៩៧០។
យ៉ាងណាក៏ដោយ លោក ចូហ្សេ បានវិលត្រលប់មកកាន់ទឹកដីទីម័រខាងកើតម្តងទៀត នៅក្នុងឆ្នាំ ១៩៧២ ដោយបានចូលដៃជាមួយក្រុមគាំទ្រឯករាជ្យ Fretilin ក្នុងសង្គ្រាមស៊ីវិលទីម័រខាងកើត។ រហូតដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ក្រុម Fretilin ក៏ទទួលបានជ័យជម្នះ និងគ្រប់គ្រងទៅលើរដ្ឋាភិបាល ហើយបានប្រកាសឯករាជ្យរបស់ទីម័រខាងកើត ក្នុងពេលនោះតែម្តង។
បន្ទាប់ពីនោះ លោក ចូហ្សេ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស តែទោះជាយ៉ាងណាក៏ដោយ ប្រាំបួនថ្ងៃក្រោយមក ឥណ្ឌូនេស៊ីបានចូលឈ្លានពានទឹកដីទីម័រខាងកើត ហើយបានបង្ខំឱ្យលោក ចូហ្សេ ត្រូវបាននិរទេសខ្លួនជាថ្មីម្តងទៀត។
ដោយបានតាំងទីលំនៅ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោក ចូហ្សេ បានចូលទៅសិក្សានៅមហាវិទ្យាល័យនៃសាកលវិទ្យាល័យ New South Wales ។ ហើយនៅទីនោះ លោកបានពុះពារយ៉ាងខ្លាំង ដើម្បីក្លាយជាសកម្មជនដ៏មានឥទ្ធិពលមួយរូប សម្រាប់ទីម័រខាងកើត ក្នុងឆាកអន្តរជាតិ រហូតក្រោយមក គាត់ក្លាយជាឯកអគ្គរដ្ឋទូតពិតប្រាកដរបស់ទីម័រខាងកើត ប្រចាំអង្គការសហប្រជាជាតិ (UN)។ គាត់បាននិយាយប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស របស់កងកម្លាំងយោធាឥណ្ឌូនេស៊ី និងបានផ្សព្វផ្សាយផែនការសន្តិភាព ដើម្បីបញ្ចប់អំពើហិង្សានៅក្នុងប្រទេសរបស់គាត់។
លុះដល់ឆ្នាំ ១៩៩៩ លោក ចូហេ្ស បានវិលត្រលប់មកកាន់ទឹកដីប្រទេសទីម័រខាងកើតវិញ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្កើតរដ្ឋបាលអន្តរកាល របស់អង្គការសហប្រជាជាតិ នៅទីម័រខាងកើត។
លោក ចូហ្សេ បានបន្តជំរុញឱ្យមានការអភ័យទោស និងការផ្សះផ្សា ហើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសរបស់ទីម័រខាងកើតក្នុងឆ្នាំ ២០០០។ គាត់បានបន្តធ្វើការក្នុងការិយាល័យនោះ បន្ទាប់ពីទីម័រខាងកើត ទទួលបានអធិបតេយ្យភាពពេញលេញ ក្នុងឆ្នាំ ២០០២។
រហូតដល់ខែឧសភា ឆ្នាំ ២០០៧ លោក ចូហ្សេ ត្រូវបានគេបោះឆ្នោតឱ្យឡើងកាន់តំណែងជាប្រធានាធិបតី ដោយទទួលបានសំឡេងឆ្នោតគាំទ្រជិត ៧០% ឯណោះ។ តែនៅឆ្នាំបន្ទាប់គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានបាញ់ប្រហារ ដោយពួកឧទ្ទាម នៅខាងក្រៅផ្ទះរបស់គាត់ ក្នុងទីក្រុង Dili ប្រទេសទីម័រខាងកើត។ គាត់បានជាសះស្បើយវិញ ហើយវិលមកបម្រើការងារពេញមួយអាណត្តិរបស់គាត់៕