លោក Atul D Rane ប្រធានក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី BrahMos Aerospace ដែលផលិតកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុននេះអាចនឹងទទួលបានការបញ្ជាទិញក្នុងទំហំទឹកប្រាក់ប្រមាណ ៥ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៥ ។
លោក Atul បាននិយាយថា ក្រុមហ៊ុនរបស់គាត់ កំពុងពិភាក្សាជាមួយប្រទេសម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី សម្រាប់ការបញ្ជាទិញថ្មីៗ ក្រោយពីបានចុះកិច្ចព្រមព្រៀងនាំចេញមីស៊ីលលើកដំបូង ក្នុងតម្លៃ ៣៧៥ លានដុល្លារ ជាមួយប្រទេសហ្វីលីពីន នៅឆ្នាំនេះ ។
គួរឱ្យដឹងថា BrahMos គឺជាក្រុមហ៊ុនដៃគូមួយ ដែលឥណ្ឌាកាន់កាប់ភាគហ៊ុន ៥០,៥% និងរុស្ស៊ី កាន់កាប់ ៤៩,៥% ហើយត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី Make-in-India ដ៏ល្បីល្បាញ របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Naredra Nodi ។
កាលពីខែមេសាឆ្នាំមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ប្រទេសទាំងពីរ កំពុងពិភាក្សាអំពីការផលិតបន្ថែមទៀត នៃឧបរកណ៍យោធារុស្ស៊ី នៅក្នុងប្រទេសឥណ្ឌា ។
លើសពីនេះ លោក Atul បាននិយាយទៀតថា នាយករដ្ឋមន្ត្រី លោក Modi បានផ្តល់គោលដៅ ក្នុងការសម្រេចបាន ៥ ពាន់លានដុល្លារ ក្នុងការនាំចេញសព្វាវុធ នៅឆ្នាំ ២០២៥ ។ តែយ៉ាងណាក៏ដោយ លោកដាក់ក្តីសង្ឃឹមថា ក្រុមហ៊ុន BrahMos របស់លោក តែមួយ នឹងឈានដល់គោលដៅ ៥ ពាន់លានដុល្លារនេះ នៅឆ្នាំ ២០២៥ ខាងមុខ ។
ជម្រាបផងដែរថា ប្រទេសឥណ្ឌា នៅរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយរុស្ស៊ី ដោយមិនដែលធ្វើការថ្កោលទោស ទៅលើប្រទេសនេះ ចំពោះការលុកលុយ ទៅលើប្រទេសអ៊ុយក្រែននោះឡើយ ខណ:ប្រទេសនៅអាស៊ីមួយនេះ ក៏បានក្លាយជាអតិថិជនធំទី ២ ក្នុងការទិញចូលប្រេងពីរុស្ស៊ី បន្ទាប់ពីប្រទេសចិនផងដែរ ៕