ដោយចង់ចែករំលែកផ្សព្វផ្សាយនូវសារអប់រំដល់មហាជនឲ្យសហការទាំងអស់គ្នា ដើម្បីជួយកាត់បន្ថយការប្រើប្រាស់គ្រឿងប្លាស្ទិក ឬជួយរក្សាបរិស្ថានស្រស់ស្អាតនោះ ក៏ជំរុញឲ្យសិល្បករសហសម័យមានជំនាញក្រាហ្វិកឌីហ្សាញ លោក ហ៊ិន គឹមយាន រកឃើញគំនិតថ្មីៗបង្កើតស្នាដៃសិល្បៈពីគ្រឿងប្លាស្ទិកឲ្យក្លាយជាគ្រឿងសិល្បៈលម្អនានា និងបង្កប់ន័យអប់រំតាមរយៈការសម្ដែងបង្ហាញស្នាដៃជាមួយក្រុមសិល្បៈឈ្មោះថា «ក្រុមសិល្បៈទេពច្យុត»។ តារាដែលបានចូលរួមសម្ដែងនោះមានឈ្មោះថា លោក ឡុង ប្រាសាទ និង កញ្ញា ស្រី សុខ ចិន្ដា។
លោក ហ៊ិន គឹមយាន មានស្រុកកំណើត នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាអតីតនិស្សិតរៀនជំនាញក្រាហ្វិកឌីហ្សាញនៅហ្វារពន្លឺសិល្បៈនៅឆ្នាំ ២០១៣-២០១៦ និងបច្ចុប្បន្ន ជាគ្រូបង្រៀនផ្នែកក្រាហ្វិកឌីហ្សាញ នៅឯសាលាជំនាញសិល្បៈទស្សនីយភាព ខណៈលោកក៏ជាប្រធានក្រុមនេះផងដែរ។
ដោយចិត្តស្រឡាញ់ការច្នៃម៉ូដសម្លៀកបំពាក់តាំងពីតូចមក ទើបបានជុំរុញឲ្យលោក គឹមយាន ចាប់យកជំនាញជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ម្នាក់ផងដែរ ហើយទើបទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងនារយៈ ១ ឆ្នាំមកនេះ ចាប់ផ្ដើមនៅចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ លើការច្នៃប្រឌិតនានា ប្រើជាមធ្យោបាយផ្សព្វផ្សាយជាសារអប់រំមួយ ជាពិសេសការយកប្លាស្ទិកធ្វើ់ជាគ្រឿងច្នៃប្រឌិតឲ្យជាវត្ថុសិល្បៈលម្អ និងបង្កើតការសម្តែងបង្ហាញដល់មហាជន ស្វែងយល់ពីបញ្ហាបរិស្ថាន ហើយសហការចូលរួមកាត់បន្ថយនៃការប្រើប្រាស់ប្លាស្ទិក និងបោះចោលពាសវាលពាស កាល។
លោក ហ៊ិន គឹមយាន បញ្ជាក់អំពីគោលបំណងនៃគំនិតច្នៃប្រឌិតថ្មី ដែលចង់ប្រើគ្រឿងប្លាស្ទិក មកធ្វើជាវត្ថុធាតុដើម សម្រាប់បង្កើតស្នាដៃសិល្បៈលម្អ ឬរបស់ប្រើប្រាស់ឡើងវិញនេះដែរថា៖ «ក្នុងនាមជាសិល្បករផ្នែកនេះ ការរិះរកគំនិតថ្មីផ្ទាល់ខ្លួន ចៀសវាងការលួចគំនិតគេ។ ហើយការច្នៃប្លាស្ទិកនេះ ខ្ញុំមានបំណង ២ យ៉ាងគឺទី១ ចង់យកនូវគ្រឿងប្លាស្ទិក ដែលអាចច្នៃជាវត្ថុសិល្បៈលម្អតាមផ្ទះ ឬទីកន្លែងផ្សេងៗ។ ទី២ ចង់ផ្តល់ជាសារមួយទៅដល់បងប្អូនយើងទាំងអស់ឲ្យចូលរួមនៅក្នុងការកាត់បន្ថយប្រើគ្រឿងប្លាស្ទិក និងបោះចោលពាសវាលពាសកាលនៅគ្រប់ទីកន្លែងនោះ ដោយសារវាមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន។ ដូច្នេះតាមរយៈស្នាដៃច្នៃប្រឌិត ពីប្លាស្ទិកនេះ ខ្ញុំក៏រំពឹងថា អាចជួយផ្សព្វផ្សាយពីការយល់ដឹងរបស់បងប្អូនបានមួយកម្រិតដែរ»។
ទោះជាយ៉ាងណា ការខិតខំរិះរកគំនិតច្នៃប្រឌិតគ្រឿងប្លាស្ទិក ឲ្យទៅជាវត្ថុអនុស្សាវរីយ៍ ឬវត្ថុសិល្បៈលម្អនេះ គឺមិនមែនជាប្រភពរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិតរបស់លោក ហ៊ិន គឹមយាន បានល្អប្រសើរនោះឡើយ ដោយសារលោកក៏មានអាជីពជាគ្រូបង្រៀនផ្នែកជំនាញក្រាហ្វិកឌីហ្សាញ។
លោក ហ៊ិន គឹមយាន ដែលជាសិល្បករសហសម័យវ័យ ២៧ ឆ្នាំ បានបញ្ជាក់ថា៖ «សម្រាប់ទ្រទ្រង់ជីវភាពរស់នៅខ្ញុំមានអាជីពជាគ្រូបង្រៀនខាងផ្នែកក្រាហ្វិកឌីហ្សាញ នៅសាលាជំនាញសិល្បៈទស្សនីយភាព។ ខណៈការងារសិល្បៈច្នៃប្រឌិតរបស់ខ្ញុំមិនមែនជាការបង្កើតស្នាដៃ ដើម្បីយកទៅដាក់លក់តាមវិចិត្រសាលនោះឡើយ គឺយើងមានការងារក្រុមមួយមានឈ្មោះថា «ក្រុមសិល្បៈទេពច្យុត» ដែលមានសមាជិក សរុបចំនួន ១៥ នាក់ សម្រាប់ការសម្តែងរឿង ដែលជាឈុតឆាកសិល្បៈបែបអប់រំរបស់ពួកយើង ហើយយើងក៏ទទួលបានប្រាក់កម្រៃពីការសម្តែងនេះ។ កន្លងមកយើងបានសម្តែងក្នុងកម្មវិធីជំនោរសិល្បៈ»៕
រូបថត ហ៊ិន គឹមយាន
ប្រភព៖ ភ្នំពេញប៉ុស្តិ៍