អ្នកឧកញ៉ា និងឧកញ៉ាធំៗនៅកម្ពុជាច្រើនរូប តំណាងសមាគមឧកញ៉ាកម្ពុជា បាននាំយកថវិកាជាង ២លានដុល្លារ ទៅប្រគេនសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ដែលស្ថិតនៅវត្តបទុមធម្មយុត្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
អ្នកឧកញ៉ា និងឧកញ៉ា ដែលបានចូលរួមប្រគេនដោយផ្ទាល់នៅថ្ងៃនេះរួមមាន៖ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ, ឧកញ៉ា ថៃ ជាហួត, ឧកញ៉ា ប៊ុន ហៃ, អ្នកឧកញ៉ា លី យ៉ុងផាត់, អ្នកឧកញ៉ា សៀ ឫទ្ធី, អ្នកឧកញ៉ា កុក អាន, ជំទាវឧកញ៉ា ហុងស៊ួន ស៊ីគង់ទ្រីវ, អ្នកឧកញ៉ា លី ហួរ, អ្នកឧកញ៉ា ឃុន សៀ, លោកជំទាវឧកញ៉ា អ៊ាន អេឡែន, ឧកញ៉ាបណ្ឌិត វិញ ហ៊ួរ, ឧកញ៉ា ផែ ហុកឈួន, ឧកញ៉ា ហេង ឡុង, ឧកញ៉ា សុខ ឆេង និងឧកញ៉ាបណ្ឌិត គីម ហ៊ាង។
ថវិកាសរុបប្រមាណ ២,៤២១,៧២២ ដុល្លារសហរដ្ឋអាមេរិកនេះ គឺបានមកពីការចូលរួមបរិច្ចាគពីអ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវ ក្នុងសមាគមឧកញ៉ាកម្ពុជា ចំនួនជាង ៩០នាក់។
សូមជម្រាបជូនថា ការចូលរួមបរិច្ចាគថវិការបស់អ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្រាប់បណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឱ្យកាន់ច្រើនឡើងក្នុងចូលរួមអភិវឌ្ឍជាតិ៕