នៅថ្ងៃទី ២០ តុលានេះ លោកស្រី Liz Truss ដែលទើបនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃទី ០៦ កញ្ញាកន្លងទៅ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយ គឺលាលែងពីតំណែងកំពូលមួយនេះ។ នេះបើតាមការចុះផ្សាយពី Sky News។
ប្រភពដដែលបានបន្ថែមថា ការលាលែងតំណែងមួយនេះ នឹងធ្វើឲ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស កាន់តំណែងបានខ្លីបំផុតប្រចាំប្រវត្តិសាស្ត្រ។
ហើយការលាលែងតំណែងរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីអង់គ្លេសធ្វើកំណែទម្រង់សេដ្ឋកិច្ចនយោបាយថ្មី ក្នុងគោលបំណងកែប្រែស្ថានការណ៍សេដ្ឋកិច្ចដែលអង់គ្លេសកំពុងជួបប្រទះ ប៉ុន្តែវាបែរជាមិនទទួលបានការគាំទ្រពីប្រជាជនឡើយ។
ទន្ទឹមនឹងនោះ លោក Sir Keir Starmer មេដឹកនាំបក្សប្រឆាំង ស្នើសុំឲ្យមានការបោះឆ្នោតមុនកាលកំណត់ ស្របពេលលោក Sir Graham Brady ប្រធានគណៈកម្មាធិការនៃឆ្នាំ 1922 បានប្រកាសថា ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី រំពឹងបញ្ចប់នៅថ្ងៃទី ២៨ តុលា ហើយនាយករដ្ឋមន្ត្រីថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី ៣១ តុលា៕