រោងចក្រថាមពលពន្លឺព្រះទិត្យដ៏ធំ ដំបូងបំផុតរបស់ប្រទេសកាតា ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន ត្រូវបានដាក់ឱ្យដំណើរការ កាលពីដើមសប្តាហ៍នេះ ខណ:នេះគឺជាផ្នែកដ៏សំខាន់បំផុតមួយ ដើម្បីឈានទៅរកការប្រើប្រាស់ថាមពលស្អាត ។
រោងចក្រថាមពលពន្លឺព្រះអាទិត្យ Al kharsaah នឹងមានសមត្ថភាពផលិតថាមពលបានរហូតដល់ទៅ ៨០០ ម៉េហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅតំបន់វាលខ្សាច់ មានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី Doha ហើយវាត្រូវបានគេចាត់ទុកថាជារោងចក្រផលិតថាមពលដ៏ធំបំផុត នៅមជ្ឈិមបូព៌ា ។
ដោយលាតសន្ធឹងលើផ្ទៃដីប្រហែល ១០ គីឡូម៉ែត្រការ៉េ រោងចក្រនេះ មានបន្ទះស្រូបពន្លឺព្រះអាទិត្យប្រហែល ២ លានបន្ទះ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៤១៧ លានដុល្លារ។ ហើយ Al kharsaah បានក្លាយជាស្ថានីយ៍ថាមពល ដែលមិនប្រើប្រាស់ឥន្ធន:ហ្វូស៊ីលដំបូងគេ នៅកាតារ និងអាចផ្គត់ផ្គង់បានដល់ទៅ ១០% ឯណោះ នៃថាមពលសរុបរបស់ប្រទេស ដែលជាស្តេចប្រេង និងហ្គាសមួយនេះ ។
ជម្រាបផងដែរថា គម្រោងដ៏ធំនេះ ត្រូវបានចាប់ផ្តើមឡើង នៅខែកក្កដា ឆ្នាំ ២០២០ ជាមួយនឹងការបណ្តាក់ទុនរួមគ្នា ដែលបានបង្កើតឡើងដោយសហគ្រាសចិនធំៗចំនួន ៣ ហើយពួកគេទទួលខុសត្រូវចម្បង ក្នុងការតំឡើងបន្ទះសូឡា និងគ្រឿងបង្គុំផ្សេងទៀត ក៏ដូចជាសាងសង់ស្ថានីយ៍បញ្ជូនបន្ត និងស្ថានីយ៍តភ្ជាប់បណ្តាញអគ្គិសនីផងដែរ៕