ក្ដីក្ដាំរវាងមហាសេដ្ឋីមានបំផុតលើលោក Elon Musk និងក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្ស Twitter នៅមិនទាន់ដាច់ស្រេចនៅឡើយ បន្ទាប់ពីមេធំ Tesla ក្រឡាស់សម្ដីមិនចង់ចាយលុយជាង ៤០ ពាន់លានដុល្លារទិញក្រុមហ៊ុនចាបខៀវ។
យ៉ាងណា បើយោងតាមការចុះផ្សាយពី The Washington Post កាលពីថ្ងៃព្រហស្បតិ៍បានទម្លាយថា បើសិនជា Elon Musk ជោគជ័យក្នុងការទិញក្រុមហ៊ុន Twitter នោះមហាសេដ្ឋីអាមេរិករូបនេះនឹងបញ្ឈប់បុគ្គលិករបស់ Twitter ៧៥% ទូទាំងក្រុមហ៊ុន។
នេះក៏មានន័យថា មនុស្សប្រមាណ ៥ ៦២៥ នាក់ក្នុងចំណោមបុគ្គលិកសរុប ៧ ៥០០ នាក់ដែលកំពុងធ្វើការនៅ Twitter នឹងលែងមានការងារ បើសិនជាមេធំ Tesla ក្លាយជាម្ចាស់ថ្មីនៃក្រុមហ៊ុនចាបខៀវ។
សូមជម្រាបដែរថា ផែនការកាត់បន្ថយបុគ្គលិកនេះ ក៏ Twitter ធ្លាប់បានទម្លាយជារឿយៗផងដែរ បន្ទាប់ពីប្រាក់ចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ចំពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ៕