សម្តេច ហ៊ុន សែន៖ បើគ្មានការចរចារវាងខ្មែរនិងខ្មែរ នឹងមិនអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានលើកឡើងថា បើសិនបើគ្មានការចរចារវាងខ្មែរនិងខ្មែរ ជាពិសេសការចរចាសីហនុ-ហ៊ុន សែន ទេនោះ នឹងមិនអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចតេជោ ដូចនេះបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាប់ផ្ដើមចរចាដែលគេហៅថា ការចរចាសីហនុ-ហ៊ុន សែន ហ្វែអង់តាដឺន័រ ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៨៧ គឺជាការចាប់ផ្តើមមួយដ៏សំខាន់ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការចរចាដែលផ្ដើមចេញពីការចរចាសីហនុ-ហ៊ុនសែន នៅប្រទេសឥណ្ឌូនេស៊ី។ ការចរចារវាងខ្មែរ និងខ្មែរនេះ បានធ្វើឡើងជាច្រើនលើក ទម្រាំរៀបចំឲ្យមានការចរចាសម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សម្ដេចតេជោ ក៏បានរម្លឹកដែរថា នៅឆ្នាំ១៩៨៩ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ មិនទាន់បានចូលរួមជួយដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជាទេ រហូតដល់ឆ្នាំ១៩៩០ ទើបពួកគេចូលរួម។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕