ភ្នំពេញ៖ អ្នកជំនាញផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអះអាងថា ជំងឺរលាកសួតថ្មី ឬកូវីដ១៩ មិនបណ្តាលឲ្យមនុស្សដួលសន្លប់ ឬស្លាប់ភ្លាមៗនោះទេ។ អ្នកជំនាញអះអាងបែបនះ នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រសួងសុខាភិបាល កាលរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត វ៉ាន់ មិច ប្រធាននាយកដ្ឋានផ្នែកជំងឺសួតមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអះអាងថា ការដួលសន្លប់ភ្លាមៗ មិនពាក់ព័ន្ធនឹងជំងឺរលាកសួតថ្មី ឬកូវីដ១៩នោះទេ។ ការអះអាងនេះ ដើម្បីឆ្លើយទៅនឹងព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថា មានមនុស្សដួលសន្លប់ និងស្លាប់ភ្លាមៗសង្ស័យករណីមេរោគកូវីដ១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
លោក វេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា រោគសញ្ញាជំងឺកូវីត១៩ មានដូចជា ក្តៅខ្លួនលើសពី៣៨អង្សាសេ ឈឺក ក្អកស្ងួត ហត់ ពិបាកដកដង្ហើម ហើយធ្លាប់ធ្វើដំណើរទៅប្រទេសដែលមានបញ្ហាប្រឈមនឹងការចម្លងមេរោគកូវីតជាដើម។
ជាមួយគ្នានេះ លោកស្រីសាស្ត្រាចារ្យ រស់ ស៊ីណា ប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ការដួលសន្លប់នេះមានតាំងពីយូរមកហើយ ពោលគឺមិនមែនទើបតែមានក្នុងបច្ចុប្បន្នភាពកើតមានករណីកូវីដ១៩នេះទេ។ លោកស្រី បានបញ្ជាក់ដូច្នេះថា៖
រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានអះអាងថា កម្ពុជា នៅតែមិនទាន់រកឃើញមានករណីកូវីតថ្មីទៀតនៅឡើយ ក្រៅពីជនជាតិចិនម្នាក់ដែលបានចូលមកកម្ពុជាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានព្យាបាលជាសះស្បើយ និងចាកចេញពីកម្ពុជាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ ពាក់ព័ន្ធនឹងករណីជនជាតិជប៉ុន ដែលក្រសួងសុខាភិបាលកម្ពុជា បានទទួលព័ត៌មានច្បាស់លាស់ហើយ ពីខាងភាគីជប៉ុនថា បុរសជនជាតិជប៉ុនរូបនោះ ពិតជាមានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន។
ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានរកឃើញមនុស្ស ៤៤នាក់ ក្នុងនោះ ៤នាក់ ជាអ្នកដែលមានទំនាក់ទំនងដោយផ្ទាល់ និង ៤០នាក់ទៀត ធ្លាប់មានទំនាក់ទំនងដោយប្រយោល ជាមួយជនជាតិជប៉ុន ដែលរកឃើញមានផ្ទុកជំងឺកូវីដ១៩។ ។
អ្នកដែលធ្លាប់មានទំនាក់ទំនងផ្ទាល់ និងមិនផ្ទាល់ទាំង ៤៤នាក់ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធរ សម្រេចដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព៕