កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement” ហៅកាត់ថា Cambodia-UAE CEPA) ត្រូវបានប្រកាសបើកការចរចាជាផ្លូវការហើយ នារដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
ពិធីប្រកាសបើកការចរចាជាផ្លូវការនូវកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជននៃភាគីទាំងពីរ សរុបប្រមាណ ១០០រូបផងដែរ។
បើតាមលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានចាត់ទុកថា ការប្រកាសបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA)នេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេស ពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕