ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ២ រូប ដែលជាសហស្ថាបនិកក្រុមហ៊ុន Snapchat បានរបូតអស់រាប់ពាន់លានដុល្លារ ដោយសារតម្លៃភាគហ៊ុនបានដាំក្បាលចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី SMH។
តម្លៃហ៊ុនរបស់ Snap បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយរបាយការណ៍លក់ប្រចាំត្រីមាសកើនឡើងទាបបំផុតមិនធ្លាប់មាន បណ្ដាលឲ្យទ្រព្យសម្បត្តិនាយកប្រតិបត្តិ Evan Spiegel បានធ្លាក់ពី ១៣,៩ ពាន់លានដុល្លារ មកនៅត្រឹម ២,៣ ពាន់លានដុល្លារ ឬ ៨៣% ក្នុងរយៈពេលមួយឆ្នាំ។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយ Bloomberg Billionaires Index។
ដោយឡែក លោក Bobby Murphy ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Snap វិញ ក៏របូតលុយប្រហែល ៨១% នៅក្នុងឆ្នាំ ២០២២ ផងដែរ ពោលទ្រព្យសម្បត្តិនាពេលនេះនៅសល់ប្រមាណ ១,៩ ពាន់លានដុល្លារប៉ុណ្ណោះ។
សូមជម្រាបដែរថា ឆ្នាំ ២០២២ ហាក់ដូចជាឆុងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាខ្លាំង តួយ៉ាងតម្លៃហ៊ុនរបស់ Snap ធ្លាប់បានឡើងខ្ពស់បំផុតដល់ ៨៣ ដុល្លារ/ហ៊ុននៅខែកញ្ញា ២០២១ ប៉ុន្តែនៅថ្ងៃទី ២១ តុលា ២០២២ តម្លៃហ៊ុននៃក្រុមហ៊ុននេះគឺធ្លាក់សល់តែជាង ៧ ដុល្លារ/ហ៊ុនប៉ុណ្ណោះ៕