អ្នកឧកញ៉ា ម៉ម វណ្ណឌី ពាណិជ្ជករវ័យក្មេងវិនិយោគក្នុងពហុវិស័យ និងលោកជំទាវ ទៀង ផល្លា បានឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួន។
ចាប់តាំងពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ មកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងបន្តបេសកកម្មអញ្ជើញចុះសួរសុខទុក្ខ និងចែកស្រូវពូជរាប់ពាន់តោន ជូនប្រជាកសិករជាច្រើនពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងនៅខេត្តពោធិ៍សាត់។
ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមដោះស្រាយការលំបាករបស់ជាតិជាមួយរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការដ៏សប្បុរសនេះ គឺជាវប្បធម៌នៃការចែករំលែកនៅក្នុងសង្គមខ្មែរ។ យ៉ាងណាមិញ សម្រាប់អង្ករ ១០០តោន របស់អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ត្រូវបានសម្តេចតេជោ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីដោះស្រាយចែកជូនដល់ពលរដ្ឋរងគ្រោះ។
គួរបញ្ជាក់ថា អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ជានិច្ចកាលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសប្បុរសធម៌នានា។ ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ អ្នកឧកញ៉ា និងលោកជំទាវ ក៏មានសទ្ធាជ្រះថ្លា បានប្រគេនបច្ច័យ (ថវិកា) ចំនួន ២០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅវត្តធម្មយុត្ត ស្ថិតខណ្ឌដូនពេញ រាជធានីភ្នំពេញ ផងដែរ៕