៨ខែឆ្នាំនេះ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចជិត៣០០លានដុល្លារ កើនឡើង៤០%

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម នឹងកា្លយជាកម្លាំងចលករជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកំពុងតែមានសន្ទុះខ្លាំងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ស្តីពី ពិធីប្រកាសបើកជាផ្លូវការ អំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាង កម្ពុជា-អេមីរ៉ាត អារ៉ាប់រួម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយតំបន់នេះ ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement-CEPA) នឹងបន្តគាំទ្រដល់ភាពរីកចម្រើន នៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល ០៨ខែ នៃឆ្នាំ២០២២នេះ សម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ជាមួយគ្នានេះ ឯកឧត្តមបន្តថា តំបន់ទាំងពីរ នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងចំណោមតំបន់ ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោក ដូចនេះ មានកាលានុវត្តភាពជាច្រើន ដែលភាគីទាំងពីរ អាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច ខណៈ អេមីរ៉ាតអារ៉ាប់រួម អាចជាមូលដ្ឋានរបស់កម្ពុជាសម្រាប់ការផ្គត់ផ្គង់ទៅទីផ្សារអារ៉ាប់ ហើយដូចគ្នាដែរ កម្ពុជាអាចជាមូលដ្ឋានរបស់អេមីរ៉ាតអារ៉ាប់រួម សម្រាប់តំបន់អាស៊ានទាំងមូល។

ទាក់ទិននឹងការលើកឡើងនេះ លោកបណ្ឌិត អាល់ ហ្សេយូឌី ក៏បានលើកឡើងដែរថា ការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំជាមួយដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ ជាមួយគ្នានេះ លោកសូមស្វាគមន៍នូវកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿនចរាចរណ៍នទំនិញ ធានាខ្សែច្រវាក់ផ្គត់ផ្គង់ និងស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

គួរបញ្ជាក់ដែរថា តាមរយៈការចរចា Cambodia-UAE CEP គឺជាការទទួលស្គាល់នូវសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ ៧.៧% ចន្លោះឆ្នាំ១៩៩៨-២០១៩ ហើយនៅឆ្នាំ២០២២នេះ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ ៥.១% (ផ្អែកតាម IMF) ដែលញ៉ាំងឲ្យកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។នេះបើតាមការបញ្ជាក់បន្ថែម ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា៕