រដ្ឋាភិបាល កំពុង វិនិយោគ ទឹកប្រាក់ ១,១ លាន ដុល្លារ ទៅលើការសាងសង់រោងចក្រផលិតបេតុងកៅស៊ូ (Asphalt Concrete Plant=AC) ១ កន្លែងដែលមានសមត្ថភាពអាចផលិតបេតុងកៅស៊ូ បាន ១២០ តោន ក្នុង ១ ម៉ោង ក្នុង គោលបំណងដើម្បីរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង កាត់បន្ថយការនាំចូល ។
ដើម្បីជំរុញការងារនេះ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែតុលាម្សិលមិញ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យមើលសកម្មភាពការងារផលិតបេតុងកៅស៊ូរបស់រោងចក្រ ការពិភាក្សាលម្អិតអំពីគម្រោងផែនការការងារ និងការត្រៀមដាក់ដំណើរការរោងចក្រជាផ្លូវការនាពេលឆាប់ៗខាងមុខ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការកសាងផ្លូវថ្នល់នៅកម្ពុជា នឹង កាន់តែ មាន ភាពឆាប់រហ័ស និង គុណភាព ល្អ ខណៈកម្ពុជាកំពុងសាងសង់រោងចក្រផលិតបេតុងកៅស៊ូ ១កន្លែង នៅជាប់ព្រំប្រទល់ខេត្តកំពតនិងកែប ។ រោងចក្រនេះនឹងដើរតួនាទីសំខាន់សម្រាប់ផលិតបេតុងកៅស៊ូយកទៅ ប្រើក្រាលផ្លូវខណៈបច្ចុប្បន្នកម្ពុជាតែងបញ្ជាទិញពីក្រៅប្រទេស ។
លោកគូសបញ្ជាក់ ការបញ្ជាទិញបេតុងកៅស៊ូ ពីក្រៅប្រទេស បានធ្វើឱ្យកម្ពុជាចំណាយប្រាក់ច្រើនហើយថែមទាំង ត្រូវចំណាយពេលដឹកជញ្ជូនផងដែរ ។ ភាពលំបាកនេះបានជំរុញឱ្យក្រសួងសាធារណការ ស្នើសុំឱ្យក្រុមហ៊ុនសៀងហៃ ជួយទិញគ្រឿងចក្រមកដំឡើងរោងចក្រផលិតបេតុងកៅស៊ូនៅក្នុងទីតាំងខាងលើ ។
សូមជម្រាបជូនថា រោងចក្រនេះអាចផលិតបេតុងកៅស៊ូបានប្រមាណ ១២០តោនក្នុងមួយម៉ោង ដែលអាចជួយផ្គត់ផ្គង់ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ក៏ដូចជាសម្រួលឱ្យតម្លៃផលិតផលបេតុងកៅស៊ូកាន់តែមានតម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ អាចប្រើប្រាស់បានជាប់យូរអង្វែង និងចំណេញថវិកាជាតិផងដែរ៕