គិតត្រឹមសប្ដាហ៍ទី៣ក្នុងខែតុលានេះកម្ពុជាទទួលបានភ្ញៀវទេសចរ ចំនួន៥៣២,៤៥៥នាក់ ក្នុងនោះភ្ញៀវជាតិ៥០៥,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៧,៣៣៨នាក់។
សម្រាប់ដំណើរកំសាន្តរបស់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសនេះ មានរាជធានីខេត្តគោលដៅសំខាន់ៗចំនួន៦ ក្នុងនោះមានខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពត ខេត្តសៀមរាប និង រាជធានីភ្នំពេញផងដែរ។
ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះគឺមកពីរដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ និងរដ្ឋបាលខេត្តក្រចេះបានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃផងដែរ ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះករ។
ក្នុងនោះផងដែរខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើន បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូកទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលបណ្តារដ្ឋបាលរាជធានី-ខេត្ត និងគណៈបញ្ជាកាឯកភាពបានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពទឹកជំនន់ក្នុងមូលដ្ឋាន៕