ក្រុមហ៊ុនវេចខ្ចប់ខ្នាតយក្សរបស់ប្រទេសថៃ SCG Packaging Plc (SCGP) បានធ្វើការប្រកាសអំពីប្រាក់ចំណូលប្រមាណ ១១២ ពាន់លានបាត (២,៩ ពាន់លានដុល្លារ) ក្នុងរយ:ពេល ៣ ត្រីមាសដំបូង នៃឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើង ២៦% បើធៀបទៅនឹងឆ្នាំមុន ។
ប៉ុន្តែទន្ទឹមនឹងការកើនឡើងនេះ ប្រាក់ចំណេញរបស់ក្រុម SCGP បានធ្លាក់ចុះ ១៣% មកនៅចំនួន ៥,៣ ពាន់លានបាត ដោយសារតែការកើនឡើងខ្ពស់នៃតម្លៃថាមពល និងវត្ថុធាតុដើម នៅគ្រប់ឧស្សាហកម្មទាំងអស់របស់ខ្លួន ។
លោក Wichan Jitpukdee នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCGP បានសន្មតថាការកើនឡើងៃប្រាក់ចំណូលនេះ គឺរួមចំណែកយ៉ាងធំធេងពីការពង្រីកជាបន្តបន្ទាប់ នូវការរួមបញ្ចូលគ្នា និងយុទ្ធសាស្រ្តភាពជាដៃគូ ក៏ដូចជាការកែលម្អនូវតម្រូវការ សម្រាប់ការវេចខ្ចប់អាហារ និងភេសជ្ជ: បន្ទាប់ពីប្រទេសថៃ បានធ្វើការបន្ធូរបន្ថយវិធានការកូវីដ-១៩ ។
គួរឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី ៣ តែមួយ ក្រុមហ៊ុន បានកត់ត្រាប្រាក់ចំណេញរបស់ខ្លួន ដល់ទៅ ១,៨ ពាន់លានបាត ដែលកើនឡើង ៣% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការកែតម្រូវតម្លៃផលិតផល រួមទាំងតម្រូវការកើនឡើង សម្រាប់ការវេចខ្ចប់សេវាកម្មម្ហូបអាហារ ក៏ដូចជាការកើនឡើងនៃតម្រូវការម្ហូបអាហារ ភេសជ្ជៈ និងផលិតផលប្រើប្រាស់ទូទៅផ្សេងទៀត ទាំងនៅទីផ្សារក្នុងស្រុក និងក្រៅប្រទេសផងដែរ ៕