រដ្ឋាភិបាលថៃ អនុម័តឱ្យជនបរទេសអាចកាន់កាប់ដីធ្លីបាន បើមានលុយវិនិយោគជាង ១ លានដុល្លារ

អន្តរជាតិ

កាលពីថ្ងៃអង្គារទី ២៥ ខែតុលាកន្លងទៅ គណ:រដ្ឋមន្ត្រីថៃ បានធ្វើការអនុម័តសំណើរបស់ក្រសួងមហាផ្ទៃ ក្នុងការអនុញ្ញាតឱ្យជនបរទេស មានសិទ្ធិកាន់កាប់ដីធ្លី រហូតដល់ទំហំមួយរ៉ៃ (ប្រហែល ១៦០០ ម៉ែត្រការ៉េ) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយ នៅក្រោយកិច្ចប្រជុំគណ:រដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា រដ្ឋាភិបាលថៃ នឹងអនុញ្ញាតឱ្យក្រុមជនបរទេស ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ត្រូវតែធ្វើការវិនិយោគយ៉ាងហោចណាស់ ៤០ លានបាត ឬប្រហែលជាង ១ លានដុល្លារ ទើបមានសិទ្ធិកាន់កាប់ដី និងផ្ទះ ក្នុងប្រទេសរបស់ខ្លួនបាន ។

ប៉ុន្តែ ប្រសិនបើជនបរទេសទាំងនោះ ដកទឹកប្រាក់វិនិយោគរបស់ពួកគេវិញ មុនរយ:ពេលដែលបានកំណត់ នោះសិទ្ធិក្នុងការកាន់កាប់ដីធ្លីរបស់ពួកគេ ក៏នឹងត្រូវដកហូតវិញផងដែរ ហើយបើសិនចង់បន្តការវិនិយោគឡើងវិញ នោះរដ្ឋាភិបាលនឹងតម្រូវឱ្យពួកគេត្រូវរង់ចាំរហូតដល់ ៥ ឆ្នាំបន្ទាប់ ។

មិនតែប៉ុណ្ណោះ បើតាមលោក Anucha បានបញ្ជាក់ទៀតថា ដីដែលបានកំណត់សម្រាប់ធ្វើជាកម្មសិទ្ធិរបស់ជនបរទេសនោះ គឺគួរតែស្ថិតនៅទីក្រុងបាងកក ប៉ាតាយ៉ា ឬតំបន់ផ្សេងទៀតនៅក្នុងទីក្រុងនៃខេត្តនីមួយៗរបស់ប្រទេសថៃ ។

លើសពីនេះ រដ្ឋាភិបាលថៃ បានធ្វើការប៉ាន់ប្រមាណថា ការអនុម័តទៅលើផែនការថ្មីនេះ អាចនឹងធ្វើឱ្យប្រទេសខ្លួន ទទួលបានប្រាក់ចំណូលជាង ១ ពាន់លានបាត នៅក្នុងសេដ្ឋកិច្ចជាតិ ជាមួយនឹងការកើនឡើងនៃការវិនិយោគរហូតដល់ ៨០០ ពាន់លានបាត ផងដែរ ៕