សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបសន្ទនាតាមទូរសព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែទាក់ទងប្រធានរឿងដែលត្រូវជជែកនោះមិនទាន់មានការបញ្ជាក់នៅឡើយ។
បើតាមទំព័រហ្វេកប៊ុកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បេសកកម្មជួយប្រជាជនដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញសម្តេចត្រូវមានភារកិច្ចសំខាន់ៗយ៉ាងច្រើននៅរង់ចាំដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខា។
ទន្ទឹមនឹងនោះ ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូក ជាមួយនិងការចូលរួមប្រជុំG20និងការ ចូលរួមប្រជុំ APEC សម្តេចបានបញ្ជាក់ថាត្រូវបានដោះស្រាយមួយភាគធំ។
លើសពីនេះ សម្តេចគូសបញ្ជាក់ថា ប្រសិនគ្មានការប្រែប្រួលនិងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេសម្តេចនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរសព្វ័នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ការគ្រោងនឹងជួបសន្ទាការទូតតាមរយៈទូរសព្ទនេះដែរ ស្របដែលស្ថានការណ៍កំពុងតែតានតឹង និងលំបាកខ្លាំងណាស់ ដោយសារតែកងទ័ពអ៊ុយក្រែន និងទ័ពរុស្ស៊ី នៅតែប្រឈមមុខគ្នាដាក់នៅឡើយគិតមកទល់ពេលបច្ចុប្បន្ន ខណៈដែលប្រធានអាស៊ានក៏កំពុងស្ថិតក្នុងដៃកម្ពុជាផងដែរ៕