រាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ។
សេចក្តីព្រាងច្បាប់នេះ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួនចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។
ក្នុងនោះ រាជរដ្ឋាភិបាល ក៏បានដាក់ផែនការប្រមូលចំណូល ក្នុងប្រទេសថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លានដុល្លារ (មិនគិតបញ្ចូលចំណូលមូលធនថវិការដ្ឋ ដែលជាប្រាក់កម្ចី) ស្មើនឹង២២.៣៣% នៃ ផសស, មានកំណើន ១៤.៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២។
ខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ថវិកាឆ្នាំ ២០២៣ ត្រូវបានគិតគូរផងដែរដល់ការធានាជោគជ័យនៃកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
សូមជម្រាបថា នៅឆ្នាំ២០២២នេះ រដ្ឋាភិបាលកម្ពុជាគ្រោងកំណត់ចំណាយថវិកាថ្នាក់ជាតិ នៅក្នុងកម្រិតមួយ ចំនួន ៣៤,៧ទ្រីលានរៀល ស្មើប្រមាណ៨,៥ពាន់លានដុល្លារ គឺកើនឡើង ៨,៤% ត្រូវជា ២៧,៩៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២៕