អ្នកនិពន្ធ ៖ សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) នឹងបោះពុម្ពរួចរាល់នៅពាក់​កណ្តាលខែវិច្ឆិកា

សង្គម​ និង​សេដ្ឋកិច្ច

លោក ពៅសុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅ (កូនប្រុសច្បងដ៏មាន​​ឥទ្ធិពល) ដែលនិយាយពីដំណើរជីវិតរបស់ឯកឧត្ដម ឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហើបឲ្យអ្នក​សារព័ត៌មានដឹងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២នេះថា សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) ដែលលោក​បាន​ចំណាយពេលជាង ៨ឆ្នាំ ក្នុងការស្រាវជ្រាវ និង​រៀបរៀងនេះ នឹងបោះពុម្ពរួចរាល់ ហើយ​ផ្សព្វ​ផ្សាយ​ជាសារធាណៈ នៅពាក់កណ្តាល ឬយូរបំផុត​នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ខាង​មុខនេះហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពៅ សុខ បញ្ជាក់ថា នៅក្នុងសៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) ក្រៅពីការមានចំណេះដឹង ថ្នាក់បណ្ឌិត​នៅសាកលវិទ្យាល័យមកពីបរទេស លោកបានរកឃើញលក្ខណៈពិសេស នៃភាព​ជាអ្នក​ដឹកនាំជាច្រើន។ ក្នុងនោះ​ មាន​​កត្តាធំៗចំនួន ៤ ដែលឯកឧត្ដម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាន​ឆ្លង​កាត់ និងលេចធ្លោជាងគេ មុននឹង​​ឈាន​ដល់ការក្លាយ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី ឬហៅថាអ្នកបន្តវេន នា​អនាគត គឺការដឹកនាំប្រយុទ្ធនៅសមរភូមិព្រះវិហារ ឆ្នាំ ២០០៨ ដល់ ២០១៣ ការដឹកនាំត្រៀម​ប្រយុទ្ធ​​នៅសមរភូមិ​អូរអាឡៃ អូរតាង៉ាវ ព្រំដែនកម្ពុជាឡាវ ការដឹក​នាំប្រយុទ្ធប្រឆាំង និងទប់ស្កាត់​សត្រូវឥតស្រមោល នៃលើសមរភូមិ​ដ៏គ្រោះថ្នាក់កូវីដ-១៩ និង​ការកែទម្រង់ស៊ីជម្រៅ​វិស័យ​យោធា នៅកម្ពុជា។

លោក ពៅ សុខ ឲ្យដឹងបន្ថែមថា លោកចាប់ផ្តើមរៀបចំរៀបរៀងសៀវភៅ ស្តីពី ជីវប្រវត្តិឯកឧត្ដម បណ្ឌិត​ឡើងនៅអំឡុង​ឆ្នាំ​ ២០១៤ ដោយ​ប្រើចំណង​ជើង​ត្រឹម​តែពាក្យ (កូនប្រុសច្បង)​ បន្ទាប់​ពី​លោក​បានជួបឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកដំបូងនៅភោជនីយដ្ឋានមួយកន្លែង ក្នុងខណ្ឌទួលគោក។ ប៉ុន្តែ ដោយសារពេលវេលា និងឯកសារ​ស្រាវជ្រាវ​មិនទាន់បានពេញលេញ និងចំណងជើងស្តាប់​ទៅ​ហាក់ខ្លីពេក ហើយមានការលើកទឹកចិត្តពីបងប្អូន មិត្តភ្តិ ឲ្យពិ​ចារណាឡើងវិញ អំពីចំណងជើង លោក​ក៏បន្ថែមពាក្យ (ដ៏មានឥទ្ធិពល) ដើម្បី​ឲ្យវែងជាងមុន និងស្តាប់ទៅ​ពីរោះ និង​​មានអត្ថន័យជ្រាលជ្រៅ ស័ក្តិសមនឹងកិត្តិយសរបស់តួអង្គក្នុងសៀវភៅនេះ។

លោកអះអាងថា ក្រោយពេល​លោក​អ្នក មិត្តអ្នកអាន បានអានសៀវភៅនេះ លោកអ្នក មិត្តអ្នក​អាន​ទាំងអស់នឹងបានជ្រាបថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើ ឬបានលះបង់អ្វីខ្លះ​ដើម្បីសង្គម​ជាតិទាំងមូល ហើយលោកអ្នកនឹងមានការស្ងើចសរសើរមិនខាន។

លោកពៅ សុខ ប្រាប់អ្នកកាសែតទៀតថា សៀវភៅ (កូប្រុសច្បងដ៏មានឥទ្ធិល) នេះ ទទួលបាន​ការ​ឧបត្ថម្ភ​បោះពុម្ព​ទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកាកបាទក្រហមកម្ពុជាចំនួន ២ម៉ឺនច្បាប់។ តាមការគ្រោងទុក បន្ទាប់ពី​បោះ​ពុម្ព​រួច សៀវភៅនេះ នឹងត្រូវចែកចាយ​នៅលើទីផ្សារ និងចែកជូនដោយឥតគិតថ្លៃដល់សិស្ស-និស្សិត បញ្ញវន្ត ព្រះសង្ឃ ឬឥស្សរជនជាន់ខ្ពស់ ដែល​និយមការអាន ចូលចិត្តសិក្សាស្រាវជ្រាវ ដែល​ពុំ​មាន លទ្ធភាពជាវ។

សូមជម្រាបថា កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្ត​កម្មទឹកកខ្វក់ ខេត្ត​ព្រះ​សីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស​គាំទ្រ​ឯកឧត្ដម​បណ្ឌិត  ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត ហើយនៅពា​ក់​កណ្តាលខែកក្កដា ឆ្នាំ ២០២២ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​គាំទ្រជាឯកច្ឆ័ន្ទ ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី​ ផង​ដែរ៕