រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈឆ្នាំ២០២២នេះ មានកំណើនក្នុងអត្រាប្រមាណ៥,៤%។ការព្យាករនេះ ត្រូវបានបង្ហាញឡើងនៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
តាមរយៈកិច្ចប្រជុំនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ជាមួយគ្នានោះ ក្នុងកិច្ចប្រជុំដដែលបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានវាយតម្លៃថា នឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ៥,៤% ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦%។
ជារួម ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ នឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣។ វិស័យសេវាកកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣។ និង វិស័យកសិកម្ម ត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុងឆ្នាំ២០២៣។
គួរបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងបន្តងើបឡើងវិញ ក្នុងអត្រាកំណើន ៥,៤% និង ៦,៦% យ៉ាងណាក្តី, កម្ពុជាក៏នៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម និង/ឬហានិភ័យ ដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឱ្យកំណើនខាងលើនេះ មិនសម្រេចបានតាមការគ្រោងទុក ក៏ដូចជាបន្ទច់បង្អាក់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួមក្នុងរយៈពេលមធ្យមខាងមុខដែលក្នុងនោះរួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេស ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក, ការថមថយកំណើនសេដ្ឋកិច្ចចិន, ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ជាពិសេសការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាកោះតៃវ៉ាន់, ការបែងចែកប្លុកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្មរបស់សកលលោក នៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រួមទាំងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម៕