បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញក្នុងពេលថ្មីៗនេះថា ទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិក Facebook លោក Mark Zuckerberg បានធ្លាក់ចុះ ១១ ពាន់លានដុល្លារបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុនមេ Meta Platforms Inc. របស់លោក បានរាយការណ៍អំពីការធ្លាក់ចុះនៃប្រាក់ចំណូលដ៏ច្រើនបំផុតមួយ ក្នុងរយ:ពេល ២ ត្រីមាសជាប់ៗគ្នា នៅឆ្នាំនេះ ។
ហើយយ៉ាងណា ចំពោះការធ្លាក់ចុះចុងក្រោយនេះ បាននាំឱ្យមហាសេដ្ឋីអាមេរិករូបនេះ ត្រូវបាត់បង់ទ្រព្យសរុបរបស់លោក ដល់ទៅជាង ១០០ ពាន់លានដុល្លារឯណោះ ក្នុងរយ:ពេលត្រឹម ១៣ ខែចុងក្រោយ។
ទ្រព្យសម្បត្តិសរុបរបស់លោក Mark ឥឡូវនេះ ត្រូវបានគេដឹងថាមានចំនួនប្រហែល ៣៨,១ ពាន់លានដុល្លារប៉ុណ្ណោះ ដែលជាការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ពីចំនួន ១៤២ ពាន់លានដុល្លារ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២១ ។
យ៉ាងណាចំពោះការធ្លាក់ចុះនៃចំនួនទ្រព្យសម្បត្តិដ៏ធំសម្បើមនេះ គឺបានកើតឡើង បន្ទាប់ពីភាគហ៊ុនរបស់ក្រុម Meta បានធ្លាក់ចុះដល់ទៅ ២២% នៅក្នុងការជួញដូរចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យក្រុមហ៊ុនបច្ចុប្បន្នមានតម្លៃប្រហែល ២៧១ ពាន់លានដុល្លារ ខណ:ប្រាក់ចំណូលរបស់ក្រុមហ៊ុនវិញ ក៏បានធ្លាក់ចុះ ៤,៥% ផងដែរ បើធៀបនឹងឆ្នាំមុន ។
គួរឱ្យដឹងថា លោក Mark មានសិទ្ធិកាន់កាប់ភាគហ៊ុន Meta ជិត ៣៦៧ លានហ៊ុន ឬស្មើទៅនឹង ១៣,៥% នៃភាគហ៊ុនសរុប ដោយតម្លៃ១ហ៊ុន ស្មើនឹង ៩៧,៩៤ ដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ Whale Wisdom ៕