កាលពីថ្ងៃទី ២៨ តុលានេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានទម្លាយថា រដ្ឋាភិបាលនឹងចាយលុយបន្ថែមប្រមាណ ២៩,១ ទ្រីលានយ៉េន ឬប្រមាណ ១៩៩ ពាន់លានដុល្លារ ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចចំពោះប្រជាពលរដ្ឋ។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា ទំហំចំណាយសរុបគឺបានកើនឡើងដល់ ៧១,៦ ទ្រីលានយ៉េន រាប់បញ្ចូលទាំងការចំណាយសម្រាប់មន្ត្រីតាមមូលដ្ឋាន និងសាជីវកម្មនានា ខណៈកញ្ចប់ចំណាយនេះនឹងត្រូវអនុម័តដោយសភានៅចុងសប្ដាហ៍នេះ។
បន្ថែមពីនោះ រដ្ឋាភិបាលជប៉ុនបានសន្យាថា កញ្ចប់ចំណាយថ្មីនេះនឹងបញ្ចេញមុនដាច់ខែ ដោយសារសេដ្ឋកិច្ចក្នុងស្រុកកំពុងប៉ះពាល់គួរសម ក្រោយការឡើងថ្លៃប្រេង និងចំណីអាហារ។
សូមជម្រាបដែរថា ការបញ្ចេញកញ្ចប់ចំណាយដ៏សំបើមនេះ អាចជាយុទ្ធសាស្ត្រនយោបាយអូសទាញសម្លេងគាំទ្រពីប្រជាពលរដ្ឋជាថ្មី បន្ទាប់ពីលោក Kishida ហាក់បាត់បង់ប្រជាប្រិយភាពខ្លាំងមួយរយៈកាលចុងក្រោយ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលលោក Kishida ថែមទាំងអះអាងថា ក្នុងកញ្ចប់ចំណាយដែលរដ្ឋនឹងអនុម័តនោះ ក៏នឹងរាប់បញ្ចូលទាំងការកាត់បន្ថយតម្លៃអគ្គិសនីតាមផ្ទះប្រជាជនប្រមាណ ២០% ពីខែមករា ដល់ខែកញ្ញាឆ្នាំក្រោយទៀតផង៕