ប្រទេសកម្ពុជា ថ្មីៗនេះ ត្រូវបានរាយការណ៍ថា បានទទួលការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងច្រើន នៅក្នុងវិស័យសំណង់ សម្រាប់ឆ្នាំ ២០២១ កន្លងទៅ បើទោះពីជាសេដ្ឋកិច្ច បានធ្លាក់ចុះ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ។
ជាក់ស្តែង ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងពី ២៦០ លានដុល្លារ នៅក្នុង ២០២០ ដល់ ៣៣៤ លានដុល្លារ នៅក្នុងឆ្នាំ ២០២១ ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការរីកចម្រើនទៅលើសកម្មភាពឧស្សាហកម្ម និងសេដ្ឋកិច្ច បើទោះបីកម្ពុជា ស្ថិតនៅក្នុងអំឡុងពេលដ៏លំបាកនៃជំងឺរាតត្បាតជាសកលក្តី ។
ជាងនេះទៅទៀត វិស័យសំណង់នៅកម្ពុជា ត្រូវបានព្យាករថា នឹងមានការកើនឡើងជាមធ្យម ៦,៣% នៅក្នុងឆ្នាំ ២០២២ នេះ ហើយនឹងបន្តកើនឡើង ៩,៤% នៅចន្លោះឆ្នាំ ២០២៣ ដល់ ២០២៦ ។
មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីពេលថ្មីៗនេះ បានប៉ាន់ប្រមាណថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងដល់ ៤,៨% នៅឆ្នាំ ២០២២ ហើយចំពោះសន្ទុះនៃការកើនឡើងនេះ នឹងត្រូវជំរុញដោយតម្រូវការលំនៅដ្ឋាន និងការិយាល័យ ដែលមានស្រាប់។
យោងតាមលោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងផងដែរថា ថ្មីៗនេះកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសំណង់ប្រមាណ ២០០០ គម្រោងបន្ថែមទៀត ជាមួយទុនវិនិយោគសរុប ១,២ ពាន់លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២២។
ហើយយ៉ាងណាមិញ បើគិតចាប់ពីឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ ២០២២ នេះ កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់សរុបចំនួន ៥៧ ៥៩០ ដែលមានទុនវិនិយោគសរុបចំនួន ៦៦,២ ពាន់លានដុល្លារអាមេរិក ៕