ថៃ រំពឹងខ្ពស់ថាការនាំចេញរបស់ខ្លួន អាចនឹងកើនឡើងដល់ ៨% នៅឆ្នាំនេះ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បានបង្ហាញទំនុកចិត្តខ្ពស់ថា ការនាំចេញរបស់ប្រទេសខ្លួន អាចនឹងមានការកើនឡើងដល់ ៨% នៅឆ្នាំ ២០២២ នេះ បន្ទាប់ពីមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងរយ:ពេលប្រាំបួនខែដំបូង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ចំពោះកក្តាសំខាន់ៗ ដែលអាចជាការគាំទ្រដល់កំណើននៃការនាំចេញរបស់ប្រទេសថៃ រួមមានការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចសកល បន្ទាប់ពីការដកចេញនូវិធានការដ៏តឹងរ៉ឹងពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យមានតម្រូវការកើនឡើង ជាពិសេសម្ហូបអាហារ និងទំនិញឧស្សាហកម្ម ក៏ដូចជាត្បូង គ្រឿងអលង្ការ សម្លៀកបំពាក់ វាយនភណ្ឌ និងគ្រៀងសំអាងជាដើម ។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មរបស់ថៃ មានបំណងរៀបចំព្រឹត្តិការណ៍ចំនួន ៥៣០ ដើម្បីជួយសម្រួលដល់ការនាំចេញរបស់ខ្លួន នៅឆ្នាំនេះ ដោយក្នុងនោះព្រឹត្តិការណ៍ចំនួន ៣៤៥ ត្រូវបានគ្រោងធ្វើឡើង សម្រាប់ឆមាសទីពីរ ឆ្នាំ ២០២២ នេះ ។

គួរឱ្យដឹងផងដែរថា ការនាំចេញរបស់ប្រទេសថៃ បានកើនឡើង ៧,៨% ក្នុងតម្លៃ ២៤,៩ ពាន់លានដុល្លារ នៅក្នុងខែកញ្ញា បន្ទាប់ពីការកើនឡើង ៧,៥% ក្នុងខែសីហា និងកើនឡើង ៤,៣% ក្នុងខែកក្កដា។

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសនេះ កើនឡើងដល់ ១០,៦% ក្នុងតម្លៃ ២២១ ពាន់លានដុល្លារ ខណៈដែលការនាំចូលវិញ បានកើនឡើង ២០,៧% ក្នុងតម្លៃ ២៣៦ ពាន់លានដុល្លារ ៕