អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជួបពិភាក្សាជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីរួមគ្នារកដំណោះស្រាយនៃការកកស្ទះនៃការផ្គត់ផ្គង់សត្វជ្រូក និង មាន់សាច់ ដែលធ្វេីឱ្យតំលៃកាន់តែថោក កសិករកំពង់ខាតបង់យ៉ាងខ្លាំង និងមិនអាចលក់សត្វរបស់ខ្លួនបាន។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២២នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា សមាគមបានសំណូមពរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយរកវិធីទប់ស្កាត់ការនាំសាច់បង្កកជ្រូក មាន់ដែលកំពុងចរាចរណ៍ពាសពេញប្រទេស ដែលធ្វេីឱ្យកសិករមិនអាចលក់ជ្រូកមាន់រស់បាន។
ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នេីសុំនាំសាច់ជ្រូកខ្មែរទៅបរទេស(ចិន) ព្រោះពេលនេះជ្រូកកំពុងកកស្ទះខ្លាំង។ ទន្ទឹមនឹងនេះ សមាគមក៏បានស្នេីសុំប្រេីប្រាស់សូឡា ដោយឈប់យកប្រាក់ថ្លៃត្រង់ស្វូ5$/Kw និងស្នេីសុំឈប់យកពន្ធអាករលេីតំលៃបន្ថែម(VAT10%)ចំពោះវិស័យចិញ្ចឹមសត្វ។ បន្ថែមទៀតនោះ សុំលេីកលែងការយកពន្ធរំដោះលើប្រាក់ចំណូល 1% Prepaid Profit Tax 1%
លើសពីនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នេីសុំជួយសំរួលដល់ការធ្វេីលិខិចរាចរណ៍ ឱ្យបានលឿន ដោយសមាគមមានផលលំបាកថ្ងៃសៅរ៍ អាទិត្យ ឬ បុណ្យជាតិមន្រ្តីឈប់សម្រាកជាដើម។
ជាការឆ្លើយតប អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានទទួលយកនូវសំណូមពររបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក្នុងការជួយដោះស្រាយការកកស្ទះនេះផងដែរ៕