ក្រុមហ៊ុន យីតាក់ គ្រុប (YETAK GROUP LTD) ជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជា តាំងពីឆ្នាំ២០០២។ ក្រុមហ៊ុននេះ មានឧកញ៉ា២រូបជាថ្នាក់ដឹកនាំគឺ ឧកញ៉ា ផែ ហុកឈួន ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន និងឧកញ៉ា សុខ ឆេង ជាអគ្គនាយករង។
យីតាក់ គ្រុប បាននាំចូលនិងចែកចាយ ជី អ៊ិនប៉េកា សញ្ញាក្បាលក្របី និង ជី អិនប៉េកា សញ្ញាស្លឹកមាស លើដំណាំស្រូវ ដែលសហការជាមួយក្រុមហ៊ុនដ៏ធំរបស់វៀតណាមគឺក្រុមហ៊ុន ជីប៊ិញឌៀន ចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន។ យ៉ាងណាមិញ លុះដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុន បានចុះបញ្ជីជាផ្លូវការ ដោយមានទីស្នាក់ការនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ក្រុមហ៊ុន ជីប៊ិញឌៀន របស់វៀតណាម ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៣។ ក្រុមហ៊ុននេះ បានផលិត និងជួញដូរ ជី ចំណីសត្វ និងថ្នាំសម្លាប់សត្វល្អិតផងដែរ ហើយកសិកម្មរបស់ប្រទេសវៀតណាមប្រមាណ ៣០% បានប្រើប្រាស់ ជី NPK របស់ក្រុមហ៊ុនមួយនេះ។ យ៉ាងណាមិញ នៅកម្ពុជា ក្រុមហ៊ុន យីតាក់ គ្រុប បាននាំចូលជី ក្រុមហ៊ុន ជីប៊ិញឌៀន ប្រមាណជាង ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ និងមានតំណាងចែកចាយបន្តនៅទូទាំង ២៥រាជធានី ខេត្ត នៃប្រទេសកម្ពុជា។ នេះបើតាមសារព័ត៌មាន Vietnam Plus៕