មហាសេដ្ឋីចិនលាលែងតំណែងពីប្រធានក្រុមហ៊ុន ចំពេលស្ថានការណ៍មិនអំណោយផល

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីចិន Wu Yajun ដែល​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Longfor Group Holdings Ltd. បាន​ប្រកាស​ចុះចេញ​ពី​តំណែង​កំពូល​មួយ​​នេះ ជាហេតុ​ធ្វើ​ឲ្យ​វិនិយោគិន​ជាច្រើន​កាន់តែ​បារម្ភ​ពី​ស្ថានភាព​វិស័យ​អចលនទ្រព្យ​ស្រុកចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Yahoo បានឲ្យដឹងថា មូលហេតុ​ដែល​អ្នកស្រី Wu សុខចិត្ត​ចុះចេញ​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន គឺ​ដោយសារ​បញ្ហា​សុខភាព និង​កត្តា​វ័យ​ចំណាស់ ហើយ​ការ​ចាកចេញ​របស់​លោកស្រី​ ក៏​ជះ​ឥទ្ធិពល​ខ្លាំងក្លា​ដល់​ក្រុមហ៊ុន​ផងដែរ។

តម្លៃហ៊ុនរបស់ Longfor គឺ​បានធ្លាក់ចុះ​រហូត​ដល់ ៤៥% ខណៈប្រាក់ចំណេញ​ឆមាសទី ១ នៃ​ឆ្នាំ ២០២២ ក្រុមហ៊ុន​ទទួល​បាន​ច្រើនជាង​ឆ្នាំមុន​តែ ០,៨% ប៉ុណ្ណោះ ហើយ​ចំនួន​មួយ​នេះ​គឺ​ត្រូវបាន​ចាត់ទុក​ជា​ការ​កើនឡើង​យឺត​បំផុត​ក្នុង​រយៈពេល ២ ​ឆ្នាំ​ចុងក្រោយ។

សូមជម្រាបដែរថា Wu Yajun គឺ​បាន​ដើរតាម​គន្លង​មហាសេដ្ឋី​ផ្សេងទៀត​ដែល​រកស៊ី​លើវិស័យ​តែមួយ ដូចជា Pan Shiyi និង Pan Zhang Xin ដែល​បាន​ប្រកាស​ចុះចេញ​ពី​តំណែង​កំពូល​នៃក្រុមហ៊ុន Soho China Ltd. បន្ទាប់​ពី​ក្រុមហ៊ុន​រងការ​គាបសង្កត់​ពី​រដ្ឋាភិបាល​ចិន ក្រោម​ផែនការ​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា និង​អចលនទ្រព្យ​ក្នុង​ស្រុក៕